អបអរសាទរ វូហាន អ្នករស់វិញហើយ!! វូហានលែងរកឃើញអ្នកឆ្លងមេរោគថ្មីទៀតហើយជាលើកដំបូង ចាប់មានការឆ្លងកូវីដ-19មក

ទីក្រុងវូហាន មណ្ឌលកណ្ដាលនៃការឆ្លងរាលដាលវីរុសកូវីដ-19 ក្នុងប្រទេសចិន លែងរកឃើញអ្នកឆ្លងមេរោគថ្មីទៀតហើយ សូម្បីតែម្នាក់ជាលើកដំបូង ចាប់តាំងពីធ្លាប់បានប្រឈមនឹងការឆ្លងរាតត្បាតយ៉ាងធ្ងន់ធ្ងរ រហូតដល់ត្រូវបិទទីក្រុងកាលពីពេលកន្លងមក។

ថ្ងៃទី19 មីនា ឆ្នាំ2020 នេះ រដ្ឋបាលទីក្រុងវូហាន បានបង្ហើបឱ្យដឹងអំពីរបាយការណ៍ថ្មីចុងក្រោយបំផុតថា លែងរកឃើញអ្នកឆ្លងមេរោគវីរុសកូវីដ-19ថ្មីទៀតហើយ សូម្បីតែម្នាក់ជាលើកដំបូង ដូចគ្នានឹងទីក្រុងផ្សេងៗទៀតក្នុងមណ្ឌលហ៊ូពេយរបស់ចិន ដែលក៏លែងរកឃើញអ្នកឆ្លងមេរោគថ្មីទៀតដូចគ្នាដែរ ជិត 2សប្ដាហ៍មកហើយ និងបើសិនជានៅតែមិនមានអ្នកឆ្លងមេរោគថ្មីនៅក្នុងវូហានជាប់ៗគ្នាដល់ 14ថ្ងៃទៀតនោះ អាចនឹងមានបញ្ជាឱ្យបញ្ឈប់ការបិទទីក្រុងវូហាន រដ្ឋធានីចម្បងរបស់មណ្ឌលហ៊ូពេយបាន មិនហួសពីចុងខែមីនានេះឡើយ។

កាលពីពេលមុននេះ ទីក្រុងវូហានត្រូវបានបិទចោលទូទាំងទីក្រុង តាំងពីពាក់កណ្ដាលខែមករាកន្លងមក ដែលអ្នកជំនាញការបានបញ្ជាក់ថា ទោះជាបញ្ឈប់ការបិទទីក្រុងហើយក៏ដោយ តែវិធានការដើម្បីគ្រប់គ្រង និងការពារមេរោគ នឹងនៅតែប្រតិបត្តិជាបន្តបន្ទាប់យ៉ាងម៉ឺងម៉ាត់ដដែល ដើម្បីការពារការវិលត្រឡប់មកឆ្លងរាលដាលជាថ្មី៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement