មេរៀនទប់ស្កាត់វីរុសកូរ៉ូណាពីប្រទេសចិនៈ កុំឱ្យអ្នកជំងឺចេញលុយថ្លៃពិនិត្យ និងព្យាបាលខ្លួនឯង…

ខណៈពេលនេះ ចិនបានគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 បាននៅក្នុងដៃរួចរាល់ហើយ គណៈកម្មាធិការសុខភាពនៃប្រទេសចិនបានថ្លែងកាលពីថ្ងៃអង្គារ(ទី17មីនា)ថា អ្នកឆ្លងមេរោគវីរុសកូវីដ-19 នៅក្នុងវូហាន ដែលជាមណ្ឌលកណ្ដាលនៃការឆ្លងរាលដាល នៅពេលនេះមានអ្នកឆ្លងមេរោគតែ 1នាក់គត់ ចំណែកឯតំបន់ផ្សេងៗនៅក្នុងប្រទេសចិនក្រៅពីវូហាន រកឃើញអ្នកឆ្លងមេរោគចំនួន 20នាក់ ដោយទាំងអស់គឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។

សារព័ត៌មានរបស់ហុងកុង សៅ ឆាយណា ម៉រនីង ផូស្ត បានចង្អុលបង្ហាញពីមេរៀនសំខាន់មួយអំពីប្រទេសចិនក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគវីរុសកូវីដ-19 យ៉ាងមានប្រសិទ្ធភាពនោះគឺ ការត្រៀមថវិកាសម្រាប់ចាយវាយជំនួសអ្នកជំងឺ ដើម្បីការពារកុំឱ្យថ្លៃចំណាយក្លាយជាឧបសគ្គ ធ្វើឱ្យអ្នកឆ្លងមេរោគមិនព្រមមកពិនិត្យ និងព្យាបាលខ្លួនឯង។

នៅក្នុងប្រទេសចិន ថ្លៃពិនិត្យ និងពិសោធរកការឆ្លងមេរោគ ជាមធ្យម គឺប្រមាណ 370យន់ ឬប្រហែល 50ដុល្លារអាមេរិក។ នៅក្នុងទីក្រុងហ្សិនជឹន ថ្លៃចំណាយលើការព្យាបាលជំងឺរលាកសួតបណ្ដាលពីវីរុសប្រភេទថ្មី សម្រាប់អ្នកមានអាយុច្រើន(មនុស្សចាស់)អាចខ្ពស់ដល់ទៅប្រមាណ 23,000យន់(ឬប្រហែល 3,000ដុល្លារអាមេរិក) ដល់ប្រមាណ 5,600យន់(ឬប្រហែល 750ដុល្លារ) សម្រាប់ការព្យាបាលអ្នកជំងឺដែលមានអាការមិនធ្ងន់ធ្ងរ។ នេះបើតាមព័ត៌មានពី Chinese Hospital Management journal បង្ហាញឱ្យដឹងកាលពីថ្ងៃទី28 ខែកុម្ភៈ កន្លងទៅ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Dirk Pfeiffer ប្រធានក្រុមអ្នកជំនាញនៃស្ថាប័ន One Health របស់ City University បានថ្លែងថា ការគ្មានសមត្ថភាពក្នុងការចំណាយ(របស់ប្រជាជន) គឺជាឧបសគ្គធំមួយ របស់វិធានការគ្រប់គ្រងជំងឺឆ្លងរាតត្បាត។

រដ្ឋាភិបាលចិន បានបញ្ចេញថវិកាសម្រាប់ការព្យាបាលអ្នកជំងឺឆ្លងមេរោគវីរុសកូវីដ-19 ចំនួនដល់ទៅ 1.104សែនលានយន់៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement