កូន​ប្រុស​​ពៅ​​របស់​​លោក​​ Trump​ ឆ្លង​ ​COVID-19 ខណៈ​អ្នក​​បាន​ឆ្លង​សរុប​នៅ​អាមេរិក​ ឡើង​ដល់​8,148,083​នាក់​

កូន​ប្រុស​ពៅ​របស់​លោក​ Trump ឆ្លង​ COVID-19
Barron Trump កូន​ប្រុស​ពៅ​របស់​លោក​ Trump

ជំទាវ​ទី​មួយ​ Melania បាន​ឱ្យ​ដឹង​ថា Barron Trump ដែល​មាន​អាយុ​14​ឆ្នាំ វិជ្ជមាន​ជាមួយ​នឹង​COVID-19 ប៉ុន្តែ បច្ចុប្បន្ន លោក​ស្រី និង​កូន​ប្រុស​លែង​មាន​វីរុស​ហើយ​។

ក្រោយ​ពី​ប្រធានាធិបតី Trump និង​លោក​ជំទាវ​វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 កាល​ពី​2​សប្ដាហ៍​មុន​ ពេល​នោះ​ Barron មាន​លទ្ធ​ផល​អវិជ្ជមាន​ នេះ​បើ​តាម​បទ​អធិប្បាយ​ដែល​មាន​ចំណង​ជើង​ថា “បទ​ពិសោធន៍​ឯក​ជន​របស់​ខ្ញុំ​ចំពោះ​ COVID-19” របស់​លោក​ជំទាវ​ Melania ដែល​ត្រូវ​បាន​ប្រកាស​​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​14​តុលា​។

លោក​ស្រី​ Melania ឱ្យ​ដឹងថា​៖ “ប៉ុន្តែ ដូច​ទៅ​នឹង​ការ​គិត​របស់​ឪពុក​ម្ដាយ​នានា​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ខ្ញុំ​ក៏​មិន​អាច​មិន​គិត​អំពី​ថា “តើ​ថ្ងៃ​ស្អែក​ ឬ​ខាន​ស្អែក​នឹង​ទៅ​ជា​យ៉ាង​ណា​?” នោះ​ឡើយ។ ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​បាន​ក្លាយជា​ការ​ពិត​ នៅ​ពេល​កូន​របស់​ខ្ញុំ​ត្រូវ​បាន​ធ្វើតេស្ត​ម្ដង​ទៀត​ និង​បាន​ទទួល​លទ្ធផល​វិជ្ជមាន​”។

លោក​ស្រី​បន្ត​ថា​៖ “សំណាង​ល្អ​ណាស់​ដែល​ Barron ជា​យុវជន​ដែល​មាន​កម្លាំង​មាំមួន​ និង​មិន​មាន​​អាការ​រោគ​នោះ​ទេ​”។

ខណៈ​នោះ​ដែរ លោក​ស្រី​ Melania មាន​រោគ​សញ្ញា​ស្រាល​ៗ​ ដូច​ជា​ ឈឺចាប់​ក្នុង​រាង​កាយ ក្អក ឈឺក្បាល និង​អស់​កម្លាំង​។ ប៉ុន្តែ លោក​ជំទាវ​ទីមួយ​ បាន​ប្រកាស​ថា បច្ចុប្បន្ន លោក​ស្រី​និង​កូន​ ទើប​តែ​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​នឹង​COVID-19​។ លោកស្រី​ឱ្យ​ដឹង​ថា៖ “ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​យើង​ទាំង​បី​នាក់​​បាន​ឆ្លង​កាត់​បញ្ហា​នេះ​ ហើយ​អាច​ថែ​រក្សា​គ្នា​ និង​អាច​នៅ​ក្បែរ​គ្នា​បាន​”។ លោក​ស្រី​សង្ឃឹម​ថា​ “នឹង​បន្ត​ភារ​កិច្ច​របស់​ខ្លួន​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”។

គិត​មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ឡើង​ដល់​​8,148,083​នាក់​​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​221,818​នាក់​ និង​2,656,624​កំពុង​ព្យាបាល​ អ្នក​ជំងឺ​បាន​ជាសះស្បើយ​ មាន​ចំនួន​5,269,641​នាក់​៕

ប្រភព៖ AFP

Advertisement