នៅតែចោទគ្នា…ប៉េកាំង-វ៉ាស៊ីនតោន បើកសង្គ្រាមជះភក់ដាក់គ្នា រឿងប្រភពមេរោគវីរុសកូរ៉ូណា

ចិន-អាមេរិកទាមទារឱ្យបញ្ឈប់ការជះភក់ដាក់គ្នា រឿងមេរោគវីរុសកូវីដ-19 ដែលថ្មីៗបំផុតនេះ លោក ដូណាល់ ត្រាំ បានហៅមេរោគនេះថា “វីរុសចិន” និងកាលពីពេលមុននេះ ទីក្រុងប៉េកាំង បានបញ្ចេញព័ត៌មានគួរឱ្យគិតពិចារណាថា កងទ័ពអាមេរិក គឺជាអ្នកនាំយកមេរោគកូរ៉ូណាមកចម្លងនៅក្នុងទីក្រុងវូហាន។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វីតធើរកាលពីយប់ថ្ងៃចន្ទ(ទី16មីនា)ថា ប្រទេសអាមេរិក នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ឧស្សាហកម្មផ្សេងៗ ដូចជាជើងហោះហើរ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពី “វីរុសចិន”…។

កាលពីពេលមុននេះ បណ្ដាអ្នកនៅជុំវិញថ្នាក់ដឹកនាំសហរដ្ឋអាមេរិក តែងតែហៅជំងឺឆ្លងរាតត្បាតដែលកំពុងអង្រួនស្មារតីមនុស្សទូទាំងពិភពលោកនេះថា “វីរុសកូរ៉ូណាចិន” តែនេះ ជាលើកដំបូងហើយដែល ត្រាំ បានរបូតមាត់ចេញពាក្យ 1ម៉ាត់នេះមក និងធ្វើឱ្យមានការរិះគន់ភ្លាមៗតែម្ដងថា ជាការរើសអើងជាតិសាសន៍ ដែលអាចនឹងនាំឆ្ពោះទៅរកការសម្ដែងប្រតិកម្មប្រឆាំងបែបធ្ងន់ធ្ងរចំពោះទីប្រជុំជនជនជាតិអាមេរិកាំងខ្សែស្រឡាយអាស៊ី។

លោក ប៊ីល ដឹ ប្លាស៊ិអូ អភិបាលក្រុងនីវយ៉ក ស្ថិតនៅក្នុងរដ្ឋដែលរងផលប៉ះពាល់ពីវីរុសកូរ៉ូណាយ៉ាងធ្ងន់ធ្ងរបំផុតមួយក្នុងសហរដ្ឋអាមេរិក បានសរសេរនៅក្នុងធ្វីតធើរថា ទីប្រជុំជនជនជាតិអាមេរិកាំងខ្សែស្រឡាយអាស៊ី ជាប្រជាជនដែលត្រាំត្រូវមើលថែទាំដូចគ្នាដែរនោះ បានរងផលប៉ះពាល់ស្រាប់ទៅហើយ និងមិនចង់ឱ្យត្រាំបន្ថែមភ្លើងឱ្យស្ថានការណ៍នេះកាន់តែអាក្រក់ជាងមុន ដោយពាក្យសម្ដីដែលគ្មានហេតុផលបែបនេះឡើយ។

ទំនាស់ក្នុងគ្រានេះ កើតឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃអាទិត្យ​(ទី15មីនា)​ថា រកឃើញអ្នកឆ្លងមេរោគថ្មី និងអ្នកស្លាប់នៅក្នុងប្រទេសផ្សេងៗ ច្រើនជាងនៅក្នុងប្រទេសចិន ដែលជាចំណុចចាប់ផ្ដើមនៃការឆ្លងរាលដាលកាលពីចុងឆ្នាំកន្លងទៅ។

លោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក ថែមទាំងបានទូរស័ព្ទទៅលោក យ៉ាង ចៀឈឺ រដ្ឋមន្ត្រីការបរទេសចិន ដើម្បីទម្លាយអារម្មណ៍មិនសប្បាយចិត្ត ដែលទីក្រុងប៉េកាំងប្រើឱកាសយ៉ាងចំហដើម្បី “ទម្លាក់កំហុសរឿងកូវីដ-19 ទៅលើសហរដ្ឋអាមេរិក”។

លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ថា ខណៈនេះ មិនមែនជាពេលវេលាក្នុងការបញ្ចេញព័ត៌មានក្លែងក្លាយ និងព័ត៌មានចម្លែកៗនោះទេ តែជាពេលវេលាដែលគ្រប់ប្រទេស ត្រូវរួមដៃគ្នាតស៊ូជាមួយគ្រោះភ័យរុករានដែលកំពុងមានរួមគ្នា។

ទោះយ៉ាងនេះក្ដី លោកប៉ុមប៉េអូខ្លួនឯង បែរជាព្យាយាមភ្ជាប់ជំងឺរាតត្បាតដ៏ធំទូទាំងពិភពលោកក្នុងពេលនេះទៅនឹងចិន ដោយបានហៅមេរោគវីរុសនេះថា “វីរុសវូហាន” ទាំងដែលបុគ្គលិកខាងវេជ្ជសាស្ត្របានណែនាំរួចហើយថា ទង្វើបែបនេះ គឺជាការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ទីក្រុងវូហាន និងប្រទេសចិនក៏ដោយ។

ចំណែកលោកយ៉ាង បានថ្លែងបកទៅវិញយ៉ាងម៉ឺងម៉ាត់ថា ផែនការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការលាបពណ៌ប្រទេសចិន នឹងគ្មានថ្ងៃទទួលបានជោគជ័យឡើយ និងបានដាក់ចំណុចសង្កេតថា អ្នកនយោបាយអាមេរិកាំងមួយចំនួន ចូលចិត្តនិយាយអាក្រក់ពីចិន និងមើលងាយការព្យាយាមរបស់ចិនក្នុងការតស៊ូប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជាញឹកញាប់ ហើយលោកថែមទាំងបានបន្ថែមទៀតផងថា ទង្វើទាំងនេះ បានសាងនូវក្ដីមិនសប្បាយចិត្តខ្លាំងបំផុតចំពោះប្រជាជនចិន។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានបន្ថែមថា លោកយ៉ាង បានទាមទារឱ្យអាមេរិកកែប្រែទង្វើខុសៗទាំងនេះ និងបញ្ឈប់ការចោទប្រកាន់ចិនដោយគ្មានភ័ស្តុតាងភ្លាម។

ទាំងអស់នេះ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកោះហៅលោក ឈុយ ធៀនខៃ ឯកអគ្គរដ្ឋទូតចិន ឱ្យចូលជួប ដើម្បីថ្កោលទោសលើការដែលទីក្រុងប៉េកាំងបានបំផុសបំផុលទ្រឹស្ដីផ្សំគំនិត ដែលទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើប្រព័ន្ធបណ្ដាញសង្គម។

ករណីនេះ បានកើតឡើងដោយសារតែលោក ចាវ លីចៀន អ្នកនាំពាក្យក្រសួងការបរទេសចិន បានសរសេរនៅក្នុងធ្វីតធ្វើរទាំងភាសាចិន និងអង់គ្លេសកាលពីសប្ដាហ៍កន្លងទៅក្នុងទំនងថា “អ្នកជំងឺដើមហេតុ” នៃការឆ្លងរាលដាលក្នុងគ្រានេះ អាចមកពីអាមេរិក មិនមែនវូហានទេ។

ធ្វីតធើរនោះ បានបញ្ជាក់ថា អាចជាកងទ័ពសហរដ្ឋអាមេរិកដែលបាននាំជំងឺនោះទៅចម្លងនៅវូហាន ព្រមទាំងទាមទារឱ្យអាមេរិកអធិប្បាយអំពីរឿងនេះ។

ខណៈពេលជាមួយគ្នា លោកត្រាំ ក៏កំពុងរងការរិះគន់យ៉ាងខ្លាំង អំពីរឿងចាត់ការទប់ទល់នឹងការឆ្លងរាតត្បាតរបស់កូវីដ-19 ទើបបណ្ដាសម្ព័ន្ធមិត្តទាំងឡាយខំព្យាយាមសាងព័ត៌មានថា វីរុសនេះ ជាមេរោគដែលចម្លងមកពីជនបរទេស។

ម្នាក់នៅក្នុងនោះ គឺលោក ថម ខត់តន សមាជិកព្រឹទ្ធសភាគណបក្ស រីផាប្លិកាន់ ដែលតែងតែនិយាយអំពីមេរោគនេះថា “វីរុសកូរ៉ូណាចិន” និងថ្មីៗបំផុតនេះ លោក ថម ថែមទាំងប្រកាសទៀតផងថា អាមេរិកនឹងតាមរកអ្នកដែលធ្វើឱ្យទូទាំងពិភពលោកឆ្លងមេរោគនេះមកទទួលខុសត្រូវ។

ទោះជាស្ថានការណ៍ឆ្លងរាតត្បាតរបស់កូវីដ-19 ក្នុងប្រទេសចិនស្ថិតក្រោមការគ្រប់គ្រងបានភាគច្រើនហើយក្ដី តែទូទាំងពិភពលោកនៅតែមានអ្នកស្លាប់ដោយសារជំងឺនេះជាង 7,000នាក់នៅឡើយ ហើយការរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅលោកខាងលិច កំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

ហើយជំងឺរាតត្បាតនេះ ថែមទាំងកើតឡើងក្នុងខណៈដែលចិន និងអាមេរិកកំពុងទាស់ទែងគ្នាយ៉ាងធ្ងន់ធ្ងរជាច្រើនផ្នែក តាំងពីបញ្ហាសិទ្ធិមនុស្ស រហូតដល់ការប្រមូលសន្សំសក្ដានុពលខាងយោធារបស់ក្រុងប៉េកាំងទៀតផង៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement