លទ្ធ​ផល​ធ្វើ​តេស្ត​ទៅលើ​ម្ចាស់ម៉ូតូកង់3ឥណ្ឌា ដែលបានដឹកជនជាតិជប៉ុនម្នាក់​ដែល​ផ្ទុក COVID-19 ត្រូវបានមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ចេញ​ឱ្យ​ដឹង​ហើយ

រដ្ឋបាលខេត្តសៀមរាបបាន​ឱ្យ​ដឹង​ថា មន្ទីរ​សុខាភិបាល​ខេត្ត​នេះ បាន​បញ្ចេញ​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រកមេរោគ​ទៅ​លើ​បុរសជា​​ម្ចាស់​ម៉ូតូ​កង់3ឥណ្ឌា​ម្នាក់​ ដែលធ្លាប់​បាន​ដឹក​ជនជាតិ​ជប៉ុន​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណានេះ​ហើយ​ ដោយ​បង្ហាញ​ថា ម្ចាស់​ម៉ូតូកង់3ម្នាក់​នេះ មិន​មាន​ផ្ទុក​មេរោគ​ COVID-19នោះ​ទេ​។

រដ្ឋបាលខេត្តសៀមរាប​ បាន​បន្ត​ថា ពេល​នេះ​ បុរស​ជា​ម្ចាស់​ម៉ូតូកង់3ខាង​លើ មិន​មាន​រោគ​សញ្ញា​អ្វី​នោះដែរ ពោល​គឺ​គាត់​មាន​សុខភាព​ល្អ​ធម្មតា​។ បុរស​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​14ថ្ងៃ​ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បី​បន្ត​តាម​ដាន​សុខ​ភាព​។

គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកវីរុស​ COVID-19 ចំនួន​3ករណី​ហើយ ដោយ​ករណី​ទី​1គឺជា​ជនជាតិ​ចិន ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃទី​27មករា។ ចំណែក​ករណី​ទី2 គឺជា​បុរស​ជនជាតិ​ខ្មែរនៅ​ខេត្ត​សៀម​រាប​ ដែលជា​មនុស្ស​ម្នាក់ ​ធ្លាប់បាន​ធ្វើ​ការ​ជា​មួយ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណា​ នៅពេលគាត់​​ត្រឡប់​ទៅ​ដល់​ប្រទេស​ជប៉ុន។ រីឯករណី​ទី3 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​កំពង់ចាម គឺជា​ស្ដ្រី​អ្នក​ទេស​ចរជនជាតិ​អង់គ្លេស​​ម្នាក់​ មានអាយុ65ឆ្នាំ​ ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេស​ចរណ៍មួយ​ មក​ពី​ប្រទេស​វៀតណាម៕

Advertisement