មនុស្ស​ជិត​ 119,000​នាក់​បាន​ឆ្លង​​ COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈអនុរដ្ឋ​មន្ត្រី​សុខាភិបាល​អង់គ្លេស ក៏បាន​ឆ្លង​វីរុសនេះ​ដែរ​

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន 119​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត 119,000​នាក់​ បាន​ឆ្លង​វីរុស​នេះ និង​ជាង​ 4,200នាក់​ បាន​បាត់​បង់​ជីវិត​ ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​នៅ​អ៊ីតាលី បន្ត​កើន​ឡើង​ខ្ពស់​។

តួលេខ​នៃ​ករណី​ឆ្លង និង​ស្លាប់​បន្ថែម​ ដោយ​សារ​​វីរុស​កូរ៉ូណា នៅ​ប្រទេស​អ៊ីតាលី​ នៅ​តែ​បន្ត​កើន​ឡើង​ ដោយ​ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​ 977ករណី​​បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​សរុបឡើង​ដល់​ 10.149នាក់ ខ្ពស់​ជាង​គេ​លំដាប់​ទី​2ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​។

ប្រទេស​អ៊ីតាលី ថ្ងៃ​នេះបាន​ប្រកាស​ថា ចំនួន​អ្នក​ស្លាប់​បន្ថែម​ដោយ​សារ​កូរ៉ូណា គឺ​មាន​ចំនួន​168នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ 631នាក់​​ ឈរ​លេខ​2 បន្ទាប់​ពី​ប្រទេស​ចិន​។

ចំនួន​អ្នក​បាន​ឆ្លង​កូរ៉ូណា​នៅ​ប្រទេស​អ៊ីរ៉ង់​ គឺ 8,042នាក់ កើន​ 881ករណី។ ជាមួយ​នឹង​ចំនួន​អ្នក​ស្លាប់​បន្ថែម​​54​ករណី អ្នក​ស្លាប់​សរុប​នៅ​អ៊ីរ៉ង់​កើន​ដល់ 291នាក់​។

ប្រទេស​កូរ៉េខាង​ត្បូង ចំនួនអ្នក​ឆ្លង​កូរ៉ូណា​ថ្មីបន្ថែម 35នាក់ អ្នក​បាន​ឆ្លង​សរុប 7,513នាក់ ក្នុង​នោះ​មាន​ 58​នាក់​បាន​បាត់​បង់​ជីវិត (ប្រទេស​នេះ តែង​ប្រកាស​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​អ្នក​ជំងឺ​ ​2លើក​ក្នុង1ថ្ងៃ​ គឺពេល​ព្រឹក​ និង​ពេល​រសៀល)។

ប្រទេស​ចិន ចំនួនអ្នក​ឆ្លង​កូរ៉ូណា​ថ្មីបន្ថែម 24នាក់ អ្នក​បាន​ឆ្លង​សរុប 80,778នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​បន្ថែម​22នាក់ ចំណែក​អ្នក​ស្លាប់​ សរុបគឺ 3,158​​នាក់។

ប្រទេស​ជប៉ុន ចំនួនអ្នក​ឆ្លង​កូរ៉ូណា​ថ្មីបន្ថែម 57នាក់ អ្នក​បាន​ឆ្លង​សរុប 587នាក់ ក្នុង​នោះ​​អ្នក​ស្លាប់​​សរុប មាន​ចំនួន10​​នាក់។

ប្រទេស​បារាំង និង​អេស្ប៉ាញក៏​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ ក្នុង​នោះ​បារាំង​រក​ឃើញ​បន្ថែម​ 372ករណី និង​អេស្ប៉ាញ 464ករណី។ ចំនួន​អ្នក​ឆ្លង​មេរោគ​នៅ​ប្រទេស​បារាំង សរុប 1,784ករណី ចំណែក​អេស្ប៉ាញ​គឺ 1,695ករណី​ រីឯចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​​បារាំង​ និង​អេស្ប៉ាញ គឺ 33 និង​35ករណី​។

ប្រទេសអាល្លឺម៉ង់ បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណាសរុប 1,565នាក់ កើន​ 341ករណី​ បើធៀប​នឹង​ម្សិល​មិញ​ ចំណែក​ចំនួន​អ្នក​ស្លាប់​គឺ​នៅ​ដដែល​ (​2ករណី)។​

ប្រទេស​អង់គ្លេស​ បានរកឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ 62​ករណី ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ ឡើង​ដល់​383នាក់​ ក្នុង​នោះ​មាន​6នាក់​បាន​បាត់​បង់ជីវិត​។ អនុរដ្ឋ​មន្ត្រីក្រសួង​​សុខាភិបាល​អង់គ្លេស Nadine Dorries ក៏បាន​ឆ្លង​វីរុស​ COVID-19 នេះ​ដែរ​។

សហរដ្ឋ​អាមេរិក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 975​នាក់ កើន​271នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ ចំណែក​អ្នក​ស្លាប់​មាន​ចំនួន​30នាក់ កើន​4ករណី​។

ប្រទេស​ទួរគី ចាម៉ៃកា ប៉ាណាម៉ា ម៉ុងហ្គោលី និង​បូលីវី គឺជា​បណ្ដា​ប្រទេស​ដែល​បាន​រក​ឃើញ​ករណី​ឆ្លង​ COVID-19 ដំបូង​​ កាល​ពី​ម្សិល​មិញ និង​ព្រឹក​នេះ​។

ពិភពលោក​ បច្ចុប្បន្ន មាន​អ្នក​ឆ្លង​មេរោគសរុបចំនួន​ 118,934​នាក់​ ក្នុង​នោះមាន 4,293​នាក់ស្លាប់ និង​ 66,576​នាក់​បាន​ជា​សះស្បើយ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement