COVID-19៖ កម្ពុជា​រកឃើញអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​1ករណីទៀតហើយ លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានប្រកាសថា ក្រសួងសុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ19 មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ 65ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេស​ចរណ៍ ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម។

ការប្រកាសរបស់លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រលប់ថ្ងៃទី10 ខែមីនា ឆ្នាំ2020 នេះ នៅទីស្តីការក្រសួងសុខាភិបាល។ នេះគឺជាករណីទី3 នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី1 នៅលើខ្លួនជនជាតិចិនដែលត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងករណីទី2 នៅលើខ្លួនជនជាតិខ្មែរអាយុ 38ឆ្នាំ នៅខេត្តសៀមរាប។

តាមរយៈទំព័រ Facebook នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC ស្ត្រីជនជាតិអង់គ្លេសដែលផ្ទុកមេរោគ Covid-19 កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឱ្យកត់សំគាលទេ​។ ចំណែកអ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ​ ដាក់ឱ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន 14ថ្ងៃ​។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ​។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​៕

Advertisement