ទ្វីប​តែ​1​គត់​នៅ​លើ​ពិភព​លោក​ ដែល​មិន​ទាន់​មាន​អ្នក​ឆ្លង​វីរុស COVID-19

អង់តាកទិក (Antarctica) ដែល​​ស្ថិត​នៅ​ប៉ូល​ខាង​ត្បូង​នៃ​ភព​ផែន​ដី គឺជា​ទ្វីប​តែ​1គត់​ ដែល​មិន​ទាន់​មាន​ករណី​ឆ្លង ឬ​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​ COVID-19 ដោយ​សារ​ទ្វីប​នេះ​ បាន​អនុវត្ត​វិធាន​ការ​យ៉ាង​តឹង​រុឹង​ដើម្បី​ធានា​មិន​ឱ្យ​មាន​ការ​ឆ្លង​វីរុសនេះ​។

អ្នក​វិទ្យា​សាស្ត្រ​ជនជាតិ​អង់គ្លេស​ លោក Michael Brian ដែល​ជា​ប្រធាន​ Rothera (Rothera Research Station) ដែល​ជា​ស្ថានីយ​​ស្រាវ​ជ្រាវ​មួយ​របស់​ប្រទេស​អង់គ្លេស​នៅ​ប៉ូល​ខាង​ត្បូង បាន​ឱ្យ​ដឹង​ថា ស្ថានីយ​ស្រាវ​ជ្រាវ​នេះ​ បាន​អនុវត្ត​វិធាន​ការ​យ៉ាង​តឹង​រុឹងដើម្បី​ការ​ពារ​សុខ​ភាព​ និង​សុវត្ថិ​ភាព​នៃ​សមាជិក​ទាំង​140នាក់​របស់​ខ្លួន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នឹង​មាន​ហនិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស បើ​សិន​ COVID-19 បង្ហាញ​វត្តមាន​នៅ​លើ​ទ្វីប​នេះ ព្រោះ​ថា ពួកគេ​ទាំង​អស់​ប្រើ​ប្រាស់​បន្ទប់​ហូប​បាយ​រូម និង​រស់​នៅ​ក្បែរ​គ្នា​​ ក្នុង​ស្ថានីយ​ស្រាវ​ជ្រាវ​នេះ ហើយ​សីតុណ្ហ​ភាព​នៅ​ខាង​ក្រៅ​​ ត្រជាក់​រហូត​ដល់​ -20អង្សា​សេ​។

“យើង​ទទួល​បាន​ការ​ការ​ពារ​យ៉ាង​ល្អ​នៅ​ទី​នេះ​ និង​អនុវត្ត​វិធាន​ការ​ច្រើន​ដើម្បី​ថែ​រក្សា​សុខ​ភាព​។ បើ​សិន​រោគ​រាត​ត្បាត​ COVID-19 នៅតែ​បន្ត​ឆ្លង​រាល​ដាល ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រភព​ផ្គត់​ផ្គង់​ស្បៀង​អាហារ និង​ថាម​ពល​សម្រាប់់​អង់តាកទិក មន្ទីរ​ស្រាវ​ជ្រាវ​នេះ ក៏​មាន​ផែន​ការ​ដើម្បី​ទប់​ទល់​” នេះ​បើ​តាម​លោក ​Michael Brian។

លោក​ ​Michael Brian បន្ត​ថា បុគ្គលិក​ដែល​ត្រឡប់​មក​ពី​ទ្វីប​ផ្សេង​ នឹង​ត្រូវ​បាន​ធ្វើ​តេស្ត​។ បុគ្គលិក​ណា​ដែល​មាន​រោគ​សញ្ញា​ នឹង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ភ្លាម​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​។

Steven Marshall ប្រធាន​គ្រប់គ្រង​ហានិភ័យ​របស់មន្ទីរ​ស្រាវ​ជ្រាវ​​នៅ​ឯទ្វីប​អង់តាក​ទិក​របស់​អង់គ្លេស​ ហៅ​កាត់​ថា​ BAS (British Antarctic Survey) បាន​ឱ្យ​ដឹង​ថា “បើ​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម ​ដែល​ត្រៀម​នឹង​ត្រឡប់​មក​ទ្វីប​អង់តាកទិក ដែលជា​អ្នក​ត្រូវ​សង្ស័យ​ថា មាន​ផ្ទុក​មេរោគ​ ពួកគេ​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​2សប្ដាហ៍​ មុន​ពេល​ឡើង​នាវា​មក​កាន់​ទ្វីប​ (អង់តាកទិក)។ នាវា​នេះ​នឹង​ចំណាយ​ពេល​ធ្វើ​ដំណើរ​4សប្ដាហ៍​ ទើប​ទៅ​ដល់​ស្ថានីយ​ Rothera។ រយៈ​ពេល​ (4សប្ដាហ៍) នេះ គឺគ្រប់​គ្រាន់​សម្រាប់បញ្ចេញ​រោគ​សញ្ញា​ បើ​សិន​ពួកគេ​មាន​ផ្ទុក​មេរោគ​”។

យន្ត​ហោះ BAS Dash 7

ទំនាក់​ទំនង​រវាង​ស្ថានីយ​ស្រាវ​ជ្រាវ​ និង​ពិភពលោក​គឺតាម​រយៈយន្ត​ហោះ BAS Dash 7 និង​នាវា​ ដើម្បី​ដឹក​ទំនិញ​សំខាន់​ៗ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នៅ​លើ​ទ្វីប​អង់តាកទិក​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Express។

ក្រៅ​ពីនេះ​ នៅ​លើ​ទ្វីប​អង់តាកទិក​ ក៏មាន​ជើង​ហោះ​ហើរ​ផ្ទៃ​ក្នុង​រវាង​ស្ថានីយ​ស្រាវជ្រាវ​នានា​ ដែលគ្រប់គ្រង​ដោយ​ប្រទេស​ផ្សេង​ៗ ដូច​ជា​ប្រទេស​អ៊ីតាលី អាហ្សង់ទីន អ៊ុយ​ក្រែន អាល្លឺម៉ង់ រុស្ស៊ី និង​ឥណ្ឌា​។ បន្ទាប់​ពី​រោគ​រាត​ត្បាត​ COVID-19 ចាប់​ផ្ដើម​ឆ្លង​រាល​ដាល ចិនគឺជា​ប្រទេស​តែ​1​គាត់​ ដែល​បាន​ដក​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​ស្ថានីយ​ស្រាវ​ជ្រាវ​នៅ​លើ​ទ្វីប​អង់តាកទិក៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement