អ្នកស្រាវជ្រាវចិនរកឃើញថា ស្ត្រីមានអត្រារួចជីវិតពីមេរោគ “COVID-19” ច្រើនជាងបុរស

សារព័ត៌មាន សៅ ឆាយណា ម៉រនីង ផូស្ត របស់ចិន បានរាយការណ៍កាលពីថ្ងៃទី9 មីនា ម្សិលមិញ អំពីការសិក្សាស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ Wuhan Union Hospital និងមន្ទីរពេទ្យ Beijing Tongren Hospital ដោយបានរកឃើញថា អ្នកជំងឺ “COVID-19” ភេទស្រី មានឱកាសរួចជីវិតច្រើនជាងអ្នកជំងឺភេទប្រុស តែយ៉ាងណាក៏ដោយ ស្ត្រីមានសញ្ញានៃការធ្លាក់ក្នុងសភាវតានតឹងអារម្មណ៍ និងគេងមិនលក់ខ្លាំងជាងបុរស។

របាយការណ៍បញ្ជាក់ថា មេរោគវីរុសកំណាចនេះ បង្កឱ្យកើតអាការផ្សេងៗនៅក្នុងខ្លួនមនុស្សភេទស្រីតិចជាងបុរស ដោយចំនួនអ្នកឈឺ 1,000នាក់នៅក្នុងប្រទេសចិន ត្រូវបានរកឃើញថា អ្នកជំងឺភេទប្រុស មានអត្រាការស្លាប់ច្រើនដល់ទៅ 70ភាគរយ។

របាយការណ៍ការសិក្សាស្រាវជ្រាវនេះ ត្រូវបានរៀបចំបញ្ជូនទៅរដ្ឋបាលមណ្ឌលហ៊ូពេយ ដើម្បីធ្វើជាប្រយោជន៍ក្នុងការគ្រប់គ្រងមេរោគវីរុសមរណៈនេះនាពេលអនាគត។

តាមរយៈការសិក្សាស្រាវជ្រាវរយៈពេល 2សប្ដាហ៍លើអ្នកជំងឺ បានរកឃើញថា អ្នកជំងឺភេទប្រុស 83% មានការវិវឌ្ឍអាការពីកម្រិតធ្ងន់ធ្ងរ ឆ្ពោះទៅកម្រិតគ្រោះថ្នាក់ ខណៈដែលមានអ្នកជំងឺភេទប្រុសត្រឹមតែ 20ភាគរយប៉ុណ្ណោះ ដែលអាចព្យាបាលខ្លួនជាសះស្បើយ និងចេញពីមន្ទីរពេទ្យបាន។

ទាំងអស់នេះ តាមរយៈការសាកសួរបុគ្គលិកពេទ្យចំនួន 5,400នាក់ បានរកឃើញថា បុគ្គលិកពេទ្យភេទស្រី មានសភាវធុញថប់តានតឹងអារម្មណ៍ រសាប់រសល់ និងគេងមិនលក់ច្រើនជាងភេទប្រុស៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement