ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 នៅ​អ៊ីតាលី កើន​លើស​100នាក់ ខណៈ​នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​សរុប​ជាង​3,000នាក់​

អ៊ីតាលី​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​ចំនួន​ 28នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​កូរ៉ូណា​នៅ​ប្រទេស​នេះ កើនឡើង​ដល់​ 107នាក់ ខណៈ​ដែល​​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណាសរុប​ 3,089នាក់។

Angelo Borrelli ដែលជា​ប្រធាន​មជ្ឈមណ្ឌល​ការ​ពារ​ជន​ស៊ីវិល​របស់​អ៊ីតាលី បាន​ឱ្យ​ដឹងនៅ​ក្នុង​ទី​ក្រុង​ Rom កាល​ពី​ថ្ងៃទី​4មីនា​ថា ប្រទេស​នេះ បាន​រកឃើញ​អ្នក​ជំងឺកូរ៉ូណា​បន្ថែម​ 587នាក់​ ធ្វើឱ្យ​ចំនួន​អ្នក​ផ្ទុកមេរោគ​នេះ​កើន​ដល់​ 3,089​នាក់​។ ចំនួន​អ្នក​ជំងឺ​ថ្មី​បាន​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ចំនួន​466​កាល​ពី​មួយ​ថ្ងៃ​មុន​។ អត្រា​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​អ៊ីតាលី គឺ​ 3,5%​។

គិត​មក​ដល់​ពេលនេះ នៅ​ទូទាំង​ពិភពលោក​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន​ 95,264នាក់ និង​អ្នក​ស្លាប់​3,285​នាក់​ ក្នុង​នោះ​មាន​ 4ប្រទេស​​មាន​អ្នក​ផ្ទុក​មេរោគកូរ៉ូណា​លើស​ពី​1,000នាក់ រួម​មាន​ប្រទេស​ចិន កូរ៉េខាង​ត្បូង អ៊ីតាលី និង​អ៊ីរ៉ង​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement