ថ្នាក់​លើ​របស់​វេជ្ជ​បណ្ឌិត Li Wenliang បាន​ស្លាប់​ហើយ​ ដោយ​សារ​តែ​ Covid-19

លោក Mei Zhongming អាយុ​57ឆ្នាំ ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែលជា​ថ្នាក់​លើ​របស់​​សពលោក​វេជ្ជបណ្ឌិត​ Li Wenliang (ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​មុន) ក៏​បាន​បាត់​បង់​ជីវិត​ដោយ​សារមេរោគ​ដ៏កាច​សាហាវ​នេះ​ដែរ​ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី​3មិនា​នេះ​។

វេជ្ជបណ្ឌិត Mei Zhongming អនុប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​មជ្ឈិម​ក្រុង​អ៊ូហាន (Wuhan Central Hospital) គឺ​ជាថ្នាក់លើ​របស់​សព​លោក​វេជ្ជបណ្ឌិត​ Li Wenliang ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​កុម្ភៈ។ វេជ្ជបណ្ឌិត Mei បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​ នៅ​ពេល​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​នេះ​ ហើយ​លោក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Jinyintan Hospital ជាកន្លែង​ដែល​លោក​បាន​សម្រាក​ព្យា​បាល​ជំងឺ​។

លោក​វេជ្ជបណ្ឌិត​ទាំង​2អ្នក​ខាងលើ​នេះ គឺជា​មនុស្ស​ដែល​ធ្លាប់​បញ្ចេញ​ព័ត៌មាន​ដំបូង​ទាក់ទិន​នឹង​មេរោគ​កូរ៉ូណា​។ ប៉ុន្តែ ពេល​នោះ​គ្មាន​អ្នក​ណា​ជឿ​រឿង​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វេជ្ជបណ្ឌិត​ Li Wenliang ដែល​ជា​ថ្នាក់​ក្រោម​របស់​វេជ្ជបណ្ឌិត​ Men Zhongming ថែម​ទាំង​ត្រូវ​នគរ​បាល​ហៅ​ទៅ​សួរ​នាំ​ និង​បង្ខំ​ឱ្យចុះ​ហត្ថលេខា​លើកំណត់​ហេតុ​មួយ​ទៀត​ផង​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement