ជប៉ុន​ចំណាយ​ 2,5​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​អាសន្ន​រោគ​ Covid-19

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋា​ភិបាល​ប្រទេសនេះ​នឹង​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​ 270​ពាន់​លាន​យ៉េន​(2,5​ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​អាសន្នរោគ​កូរ៉ូណា​ Covid-19​ ដែល​កំពុង​ធ្វើ​ឱ្យ​ជប៉ុន​ទទួល​រង​ការ​ខាត​បង់​ច្រើន​។

ថវិកា​ចំនួន 2,5ពាន់​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​មធ្យម​ និងខ្នាត​តូច​ នៅ​ចំពោះ​មុខ​ការ​ខូច​ខាត​ផ្នែក​ហិរញ្ញ​វត្ថុ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រីជប៉ុន Shinzo Abe នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នា​ព្រឹក​នេះ​។

ក្រៅ​ពី​នេះ កញ្ចប់​ថវិកា​ទីពីរសម្រាប់​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ Covid-19 និង​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាត​ផ្នែក​សេដ្ឋ​កិច្ច​ នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នា​ថ្ងៃទី​10​មិនា​ខាង​មុខ​។

សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ជប៉ុន​ដូច​ខាង​លើ ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​ប្រទេស​នេះ​មាន​អ្នក​ឆ្លងមេរោគ​កូរ៉ូណា​ចំនួន​250នាក់ និង​6នាក់​បាន​ស្លាប់​ រួម​នឹង​អ្នក​ជំងឺ​ជាង​ 700​នាក់​កំពុង​ទទួល​ការ​ព្យា​បាល និង​អ្នក​ស្លាប់​ចំនួន​ 7នាក់​ដែល​មក​ពី​នាវា​ទេស​ចរណ៍ Diamond Princess។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Reuters។

អាសន្ន​រោគ​ Covid-19 នៅ​ប្រទេស​ជប៉ុន ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​រដូវ​កាល​កីឡា​អូឡាំពិក​រដូវ​ក្ដៅ (Summer Olympics)ឆ្នាំ​នេះ ដែល​តាម​គម្រោង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​24​កក្កដា​ខាង​មុខ​។ ប៉ុន្តែ គណៈ​កម្ម​ការ​កីឡា​អូឡាំពិក​អន្តរ​ជាតិ​ បាន​ឱ្យ​ដឹង​ថា ពួកគេ​ “សន្យា” ថា កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នេះ​នឹង​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​ បើទោះ​ជា​ត្រូវ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​អាសន្ន​រោគ​កូរ៉ូណាក៏ដោយ។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិប​តី​ចិន​ លោក​ ស៊ី ជីន​ពីង ទៅ​កាន់​ប្រទេស​ជប៉ុន នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែមេសា​ខាង​មុខ​​ អាច​នឹង​ត្រូវ​បាន​ពន្យាពេល​ ដើម្បី​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ Covid-19។ នេះ​បើ​តាម​ការ​ឱ្យ​ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រាជ​រដ្ឋា​ភិបាល​ជប៉ុន​។

អាសន្ន​រោគ​កូរ៉ូណា បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ចេញ​ពី​ទីក្រុង Wuhan ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​បាន​ឆ្លង​រាល​ដាល​ទៅ​កាន់​ប្រទេស​ និង​ដែន​ដី​ចំនួនជាង​​67 បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​​3,044នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ចំនួន​ដល់​ទៅ​ជាង​89,073​នាក់​។ ប្រទេស​ចិន​(ចិនដីគោក) ថ្ងៃ​នេះ មាន​អ្នក​ឆ្លងមេរោគ​កូរ៉ូណា​បន្ថែម​ជាង 200នាក់​ និង​អ្នក​ស្លាប់​បន្ថែម​42នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​សា្លប់​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់ 2,912នាក់៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement