អ៊ីតាលី៖ ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 កើន​ឡើង​ដល់​229នាក់ ខណៈ​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភព​លោក​កើន​ដល់​2.699​នាក់​

អ៊ីតាលី​បាន​​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​បន្ថែម​72នាក់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​ឡើង​ដល់​229នាក់​ ប៉ុន្តែ​ក្រុម​មន្ត្រីសុខា​ភិបាល​​មិន​ទាន់​រក​ឃើញ​ប្រភព​ចម្លង​ដំបូង​នៃ​មេរោគ​ COVID-19 នេះ​នៅ​ឡើយ​។

មន្ត្រី​សុខាភិបាល​អ៊ីតា​លី​ កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អ្នក​ផ្ទុក​មេរោគ​កូរូណា​ចំនួន​229​នាក់ ក្នុង​នោះមាន​​7នាក់​បាន​បាត់​បង់​ជីវិត​។ អ្នក​ជំងឺ​101នាក់​ផ្សេង​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​27នាក់​ទទួល​បាន​ការ​ព្យា​បាល​ពិសេស​។

តំបន់ Lombardy នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី​ មាន​អ្នក​ផ្ទុកមេរោគ​ចំនួន​ដល់​ទៅ​172នាក់ ក្នុង​នោះ​មាន​5នាក់​បាន​ស្លាប់​។ យ៉ាង​ហោច​ណា​មាន​ទី​រួម​ស្រុក​​ចំនួន​10នៅ​ភាគ​ខាង​ជើង​អ៊ីតាលី ដែល​មាន​ប្រជា​ជន​សរុប​​ប្រហែល​​​50,000​នាក់ ត្រូវ​បាន​អាជ្ញាធរ​ដាក់​បម្រាម​គោចរ​ចាប់​ពី​ថ្ងៃទី​23​កុម្ភៈ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​បង្ក​ជំងឺ​រលាកសួត​ COVID-19។

អ៊ីតាលី បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​លំដាប់​ទី4​ក្នុង​ពិភពលោក បន្ទាប់​ពី​ចិន កូរ៉េ​ខាង​ត្បូង និង​នាវា​ទេស​ចរណ៍ Diamond Princess។ អាជ្ញា​ធរ​តំបន់ Lombardy និង Veneto ដែល​ជា​ចំណុច​កណ្ដាល​នៃ​មេរោគ​កូរ៉ូណា​នៅ​​ប្រទេស​អ៊ីតាលី បាន​ស្នើ​ឱ្យ​សាលា​រៀន ផ្អាក​ដំណើរ​ការ​​1សប្ដាហ៍ និង​បាន​បិទ​ទ្វារ​សារ​មន្ទីរ រោង​ភាព​យន្ត​ ព្រម​ទាំង​​បាន​លុប​ចោល​​ពិធី​បុណ្យ​ Venice ចំនួន​2ថ្ងៃ​ចុងក្រោយ​ផង​ដែរ។

មន្ត្រី​អ៊ីតាលី​2រូប​ កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ មិន​ទាន់​រក​ឃើញ​ “អ្នក​ជំងឺ​លេខ​ 0” (ប្រភព​ចម្លង​ដំបូង​គេដំបូង​ក្នុង​ប្រទេស​នេះ​) នៅ​ឡើយ​។ Nott Angelo Borrelli ដែល​ជា​ប្រធាន​នៃ​គណៈ​កម្ម​ការ​ការ​ពារ​ពលរដ្ឋ​របស់​អ៊ីតាលី​ បាន​ឱ្យ​ដឹង​ថា “ប្រការ​ដែល​សំខាន់​គឺ​ត្រូវ​រក​ឱ្យឃើញ​​ថា តើ​អ្នក​នោះ​មក​ពី​ទី​ណា​ ដើម្បី​អាច​ទប់​ស្កាត់​ការ​បន្ត​​ចម្លងវីរុស​​ពី​​ប្រភព​មេរោគ​នេះ​”។

អាសន្ន​រោគ​កូរ៉ូណា​ COVID-19​ បាន​កើន​ឡើង​នៅ​តំបន់​ Wuhan នៃ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​2019 ហើយ​បាន​រាល​ដាល​ទៅដល់​​ប្រទេស​ចំនួន​37​ក្នុង​ពិភពលោក​។ គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​នេះ កើន​ឡើង​ដល់​ 2,630​នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​កើន​ដល់​ជិត​80.000​នាក់​​ ចំណែក​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​25,282​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement