សែនរន្ធត់! វីរុស COVID-19 ប្រហារជីវិត “គ្រូពេទ្យចិន” អស់ 2នាក់ទៀតហើយ…

អ្នកស្រីវេជ្ជបណ្ឌិត សៀ ស៊ឺស៊ឺ អាយុ 29ឆ្នាំ ជំនាញផ្នែកប្រព័ន្ធរំលាយអាហារប្រចាំមន្ទីរពេទ្យក្នុងទីក្រុងវូហាន ដែលទទួលព្យាបាលអ្នកឆ្លងមេរោគ COVID-19 បានស្លាប់បាត់បង់ជីវិតដោយសារការឆ្លងមេរោគដ៏សាហាវនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។

អ្នកស្រីវេជ្ជបណ្ឌិត សៀ បានឆ្លងមេរោគ COVID-19 ខណៈធ្វើការនៅក្នុងមន្ទីរពេទ្យ យូនៀន ចៀងពេយ ដោយអ្នកស្រីចាប់ផ្ដើមទទួលការព្យាបាលតាំងពីថ្ងៃទី19 មករា និងត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីពេទ្យ ចុងណាន របស់មហាវិទ្យាល័យវូហាននៅថ្ងៃទី7 ខែកុម្ភៈ។

ប៉ុន្តែអាការជំងឺរបស់អ្នកស្រី សៀ បានធ្លាក់ដុនដាបខ្លាំង រហូតដល់បាត់បង់ជីវិតនៅព្រឹកថ្ងៃអាទិត្យទី23 កុម្ភៈម្សិលមិញ ទោះជាក្រុមគ្រូពេទ្យខំព្យាយាមជួយជីវិតអ្នកស្រីយ៉ាងអស់ពីសមត្ថភាពយ៉ាងណាក្ដី។ មន្ទីរពេទ្យ យូនៀន ចៀងពេយ បានសម្ដែងក្ដីអាឡោះអាល័យចំពោះការលាចាកពិភពលោក និងបានសម្ដែងការសោកស្ដាយចំពោះគ្រួសាររបស់អ្នកស្រី សៀ ផងដែរ។

នៅក្នុងថ្ងៃជាមួយគ្នា របាយការណ៍របស់សារព័ត៌មានស៊ីនហួ ក៏បានរាយការណ៍បន្ថែមដែរថា លោកវេជ្ជបណ្ឌិត ទូ សៀនស៊ឹង វ័យ 55ឆ្នាំ បានស្លាប់ដោយសារមេរោគ COVID-19 ដូចគ្នា នៅក្នុងមន្ទីរពេទ្យប្រជាជន ក្នុងទីក្រុង ហៃខូ ទីក្រុងចម្បងរបស់មណ្ឌល ហៃណាន។

លោក ទូ ជាវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យ យ៉ាងចៀង ក្នុងស្រុកឆៀងចុង លោកបានទទួលការវិនិច្ឆ័យរោគថា បានឆ្លងមេរោគវីរុស នៅខែមករា ខណៈប្រតិបត្តិភារកិច្ចក្នុងមន្ទីរពេទ្យ មុននឹងត្រូវបញ្ជូនទៅមន្ទីពេទ្យប្រជាជន នៅទីក្រុងហៃខូ ដើម្បីព្យាបាលបន្ត។ តែយ៉ាងណាក្ដី អាការរបស់លោក ទូ បានធ្លាក់ចុះទ្រុឌទ្រោមខ្លាំងនៅថ្ងៃទី26 ខែមករា និងបានស្លាប់នៅថ្ងៃទី23 កុម្ភៈ(ថ្ងៃអាទិត្យមិ្សលមិញ) ទោះបីជាក្រុមវេជ្ជបណ្ឌិតខំព្យាយាមជួយស្រោចស្រង់ជីវិតរបស់លោកយ៉ាងអស់ពីសមត្ថភាពហើយក៏ដោយ។

ទាំងអស់នេះ អង្គភាពសាធារណៈសុខាភិបាលរបស់ចិន បានកំណត់ឱ្យអង្គភាពសាធារណៈសុខាភិបាលក្នុងតំបន់សហការជាមួយអង្គភាពកិច្ចការអតីតយោធា ដើម្បីធ្វើការប្រកាសគុណបំណាច់កិត្តិយសរបស់ធនធានបុគ្គលិកសុខាភិបាលដែលបានពលីជីវិត លើកទឹកចិត្ត និងជួយដល់ក្រុមគ្រួសាររបស់អ្នកស្លាប់៕

ប្រភព៖ សារព័ត៌មានស៊ីនហួ

Advertisement