ពលរដ្ឋ​ហុង​កុងម្នាក់​ទៀត​ហើយ បាន​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា COVID-19

លោក​តា​អាយុ​70ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​ព្រឹក​នេះ នៅ​ក្នុង​មន្ទីរពេទ្យ​ Princess Margaret ដែល​នេះ​បាន​ក្លាយ​ជាករណី​ទីពីរ​ដែល​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ នៅ​ទី​ក្រុង​ហុង​កុង​។

អ្នក​នាំ​ពាក្យ​មន្ទីរពេទ្យ​ Princess Margaret​ បានឱ្យ​ដឹង​ថា មុន​នោះ​ ស្ថាន​ភាពសុខ​ភាព​​របស់​លោក​តា​រូប​នេះ កាន់​តែ​អាក្រក់​ទៅ​ៗ ហើយ​ក៏​បាន​បាត់​បង់​ជីវិត​នៅ​ព្រឹក​នេះ​។ ព័ត៌មាន​លំអិត​នឹង​ត្រូវ​បាន​ប្រកាស​ឱ្យដឹង​នៅ​​ក្នុង​សន្និសីទសារព័ត៌មាន​រួម​មួយ​នា​ល្ងាច​នេះ​ រវាង​មន្ត្រី​សុខាភិបាល​ទីក្រុង និង​ភាគី​មន្ទីរពេទ្យ​។

ប្រភព​ព័ត៌មាន​ពី​មន្ទីរពេទ្យ​ឱ្យ​ដឹង​ថា លោក​តា​រូប​នេះ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​ប្រហែល​7ព្រឹក​នេះ​។ ក្រៅ​ពី​មាន​ផ្ទុក​មេរោគ​កូរ៉ូណា លោក​តា​វ័យ​ចំណាស់​នេះ​ក៏​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​ក្រលៀន​ផងដែរ ប៉ុន្តែ មូលហេតុ​​ពិត​ដែល​នាំ​ឱ្យ​គាត់​បាត់​បង់ជីវិត មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឡើយ។

លោក​តា​រូប​នេះ រស់​នៅតែ​ម្នាក់​ឯង​ក្នុង​តំបន់ Hwai Chung។ គាត់​ធ្លាប់​ទៅ​កាន់​ប្រទេស​ចិន​ដីគោក កាល​ពី​ចុង​ខែ​មករា​ ហើយ​បាន​ត្រឡប់​មក​ហុង​កុង​វិញ ទើបក្រោយ​មក​ក៏​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃទី​2កុម្ភៈ។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ Princess Margaret និង​សម្រាក​ព្យាបាល​បាន​10ថ្ងៃ​ ប៉ុន្តែ សុខ​ភាព​របស់​គាត់​ ចេះ​តែ​អាក្រក់​ទៅ​ៗ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា គាត់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 កាល​ពីថ្ងៃទី14​កុម្ភៈ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement