ហុងកុង គំរាម​កាត់ទោស អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង 4 ដូ​ស

អាជ្ញា​ធម៌​ក្រុង​ហុងកុង អាចដាក់​ពាក្យ​ប្ដឹង ដើម្បីឱ្យ​តុលាការ​កាត់ទោស​បុរស​ម្នាក់ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 រហូតដល់ 4 ម្ជុល ព្រមទាំង​បាន​ថ្កោលទោស​ចំពោះ​ទង្វើ «អាត្មានិយម» របស់​បុគ្គល​រូបនេះ​ផងដែរ។

សារព័ត៌មាន SCMP បានឱ្យដឹងថា បុរស​វ័យ 30 ឆ្នាំនេះ បានទទួល​ការចាក់​វ៉ាក់សាំង Moderna នៅ សិង្ហ​បុរី ចំនួន 2 ដូ​ស​រួចហើយ។ ប៉ុន្តែ ពេល​ត្រលប់​ទៅធ្វើ​ការ​នៅ​ហុងកុង បុរស​នេះ​ក៏​បន្ត​ទទួល​ការចាក់​វ៉ាក់សាំង Pfizer ចំនួន 2 ដូ​ស​ទៀត។ បុរស​នេះ​បាន​បកស្រាយ​ថា មូលហេតុ​គឺ ដើម្បី​ទទួលបាន​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង ដែល​អនុញ្ញាតឱ្យ​លោក​មាន​សិទ្ធិ​ចូល​បារ​នានា​នៅក្នុង​ទីក្រុង​នេះ។

អាជ្ញាធរ​ក្រុង​ហុងកុង កាលពី​យប់​ថ្ងៃទី 19 កក្កដា បានប្រកាសថា ទង្វើ​របស់​បុរស​នេះ មិន​ត្រឹមតែ​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង​នោះទេ តែ​ក៏​នាំឱ្យ​បុគ្គលិក​ចាក់​វ៉ាក់សាំង​មួយចំនួន ត្រូវ​ជាប់ទាក់ទង​នឹង​បញ្ហា ក៏ដូចជា​ការ​ខ្ជះខ្ជាយ​វ៉ាក់សាំង​របស់​ទីក្រុង។

«ទង្វើ​នេះ អាចទាក់ទង​នឹង​ការផ្ដល់​ព័ត៌មាន​មិន​ត្រឹមត្រូវ និង​កេង​យក​ផលប្រយោជន៍​មិន​ស្របច្បាប់ បង្ក​ជា​ទោស​ព្រហ្មទណ្ឌ។ អាជ្ញាធរ​នឹងធ្វើ​ការស៊ើបអង្កេត ដើម្បី​អនុវត្ត​ច្បាប់។ បើសិនជា​ចាំបាច់ យើង​នឹងដាក់​ពាក្យ​ប្ដឹង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ» នេះ​បើតាម​អ្នកនាំពាក្យ​របស់​អាជ្ញាធ​រ​ក្រុង​ហុងកុង។

ទីប្រឹក្សា​ផ្នែក COVID-19 របស់​អាជ្ញាធរ​ហុងកុង សាស្ត្រាចារ្យ David Hui Shu-cheong បានឱ្យដឹងថា ការចាក់​វ៉ាក់សាំង COVID-19 រហូតដល់ 4 ដូ​ស មិនមាន​ប្រយោជន៍​ដល់​សុខភាព​នោះឡើយ ប៉ុន្តែ វា​អាច​បណ្ដាលឱ្យ​អ្នកទទួល​ការចាក់​វ៉ាក់សាំង ជួប​ហានិភ័យ​ច្រើន ទាក់ទិន​នឹង​ផលប៉ះពាល់ ដូចជា ក្ដៅខ្លួន ឈឺក្បាល ឬ​ឈឺ​សាច់​ដុំដៃ​ជាដើម។

សាស្ត្រាចារ្យ Leung Chi-chiu បញ្ជាក់ថា «គ្រប់គ្នា​មិនគួរ​ចាក់​វ៉ាក់សាំង COVID-19 រហូតដល់ 4 ដូ​ស ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ»។

ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី 19 កក្កដា មិនមាន​អ្នក​វិជ្ជមាន​នឹង COVID-19 នោះទេ ដូច្នេះ វា​គឺជា​ថ្ងៃទី 42 ហើយ ដែល​ទីក្រុង​នេះ​មិនមាន​ករណី​ឆ្លង​ក្នុង​សហគមន៍។ គិត​មកដល់​បច្ចុប្បន្ន ទីក្រុង​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​សរុប​ចំនួន​ជាង 11,900 នាក់ ក្នុងនោះ​មាន​ជាង 200 នាក់ បាន​បាត់​បង់ជីវិត៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement