ក្រុម​ហ៊ុនអាមេរិកាំង ឧទ្ទេស​នាម​បច្ចេក​វិទ្យា​ថ្មី​ តម្លៃ​ទាប ដែល​អាច​ជួយទប់​ស្កាត់​អាសន្នរោគ​កូរ៉ូណា 2019-nCoV

ក្រុម​ហ៊ុន​ថ្មី GenapSys មាន​ទីស្នាក់ការ​កណ្ដាល​នៅ​តំបន់ជ្រលង​ភ្នំ ​Silicon Valley បាន​ស្នើឱ្យ​ប្រទេស​ចិន​ ប្រើ​ប្រាស់​ម៉ាស៊ីន​ពិនិត្យ​លំដាប់​ហ្សែន (Gene Sequencer) ខ្នាត​តូច (mini) ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ nCoV។

អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ហ៊ុន GenapSys កំពុង​តែ​ចរចា​ជាមួយ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្កា​រោគ​ឆ្លង​ (CDC) របស់​ចិន ដើម្បី​ស្វែង​រក​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​ សម្រាប់​ទប់​ស្កាត់​អាសន្នរោគ​ nCoV ដែល​មក​ដល់​ពេល​នេះ​ វា​បាន​សម្លាប់​មនុស្ស​​ចំនួន 910នាក់ និង​បាន​ឆ្លង​ទៅ​កាន់​មនុស្ស​ជាង​ 40,547នាក់​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភព​លោក​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារសារ​ព័ត៌មាន​ចិន South China Morning Post។

ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវសាស្ត្រ​របស់​អាមេរិក GenapSys បាន​ប្រកាស​ថា ខ្លួន​កំពុង​កាន់​កាប់​បច្ចេក​វិទ្យា​បក​ស្រាយ​ ឬ​ពិនិត្យលំដាប់​ហ្សែន ​(gene sequencer) ដែល​ទំនើប​បំផុត​ក្នុង​ពិភពលោក។ ម៉ាស៊ីន​នេះ មាន​ទំហំ​ប៉ុន​ iPad ពោល​គឺ​តូច​ជាង​100ដង បើ​ធៀប​នឹង​ម៉ាស៊ីនពិនិត្យ​លំដាប់​ហ្សែន​ផ្សេង​ៗ​ដែល​កំពុង​មាន​នៅ​ក្នុង​ទី​ផ្សារ​។ ឧបករណ៍នេះ​អាច​បំពាក់​ដោយ​ងាយ​នៅ​តាម​ន្ទីរពេទ្យ​ ព្រលាន​យន្ត​ហោះជាដើម ដែល​ជួយ​ឱ្យ​មន្ត្រី​សុខាភិបាល​អាច​ពិនិត្យ​រក​មេរោគ​​ផ្សេង​ៗ​បាន​យ៉ាង​ឆាប់​រហ័ស​ ដូច្នេះ គេ​អាច​គ្រប់​គ្រង​ស្ថាន​ភាព​អាសន្នរោគ​បាន​ប្រសើរ​ជាង​មុន​។

បច្ចុប្បន្ន ការ​បក​ស្រាយ​ ឬ​ពិនិត្យ​លំដាប់​ហ្សែន ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ពិសោធ​ន៍ធំៗ​របស់​ក្រុម​ហ៊ុន Illumina ដែលមាន​ទី​ស្នាក់ការ​នៅ​អាមេរិក​ ជា​កន្លែង​ដែល​មាន​ម៉ាស៊ីន​ទំនើប​ៗ ដែល​មាន​តម្លៃ​ជិត​​1លាន​ដុល្លារ​អាមេរិក។ ឆ្នាំ2018 ក្រុម​ហ៊ុន​ Illumina បាន​ដាក់លក់​ម៉ាស៊ីន​ពិនិត្យ​លំដាប់​ហ្សែន​ខ្នាត​តូច ​ប៉ុន​កុំព្យូទ័រ​ desktop ប៉ុ​ន្តែ​វា​នៅ​តែ​មាន​តម្លៃ​ដល់ទៅ​20,000ដុល្លារ​ ខ្ពស់​ជាងទ្វេដង បើធៀប​នឹងតម្លៃ​​ម៉ាស៊ីន​របស់​ក្រុម​ហ៊ុន GenapSys។

ការ​ពិនិត្យ​លំដាប់​ហ្សែន (Genetic sequencing) គឺ​ពិត​ជា​មាន​សារ​សំខាន់​ ព្រោះ​ថា វា​នឹង​ជួយ​ឱ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​វីរុស ដែល​ក្រុម​គ្រូពេទ្យ​អាច​តាម​ដាន​​ការ​វិវដ្ដ​របស់​ពួក​មេរោគ និង​អាច​បង្កើត​វ៉ាក់​សាំង​ ឬ​រក​វិធី​ព្យា​បាល​បាន​ឆាប់​រហ័ស។

ក្រុម​ហ៊ុន GenapSys សង្ឃឹម​ថា បច្ចេក​វិទ្យា​របស់​ពួកគេ​ នឹងឆាប់​បាន​​ចូល​ខ្លួន​ទៅ​ជួយទប់ស្កាត់​អាសន្នរោគ​កូរ៉ូណា​ដែល​កំពុង​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​នេះ​។ ការ​ចរចា​រវាង​ក្រុម​ហ៊ុន​ GenapSys ជាមួយ​រដ្ឋា​ភិបាល​ចិន កំពុង​ស្ថិត​ក្នុង​តំណាក់​កាល​ដំបូង។ អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​នេះ និយាយ​ថា ពួកគេ​នឹង​គោរព​ទៅ​តាម​រាល់​ច្បាប់​ទម្លាប់​ និង​ការ​កំណត់​នៃ​ច្បាប់​​អន្តរ​ជាតិ។ សារ​ព័ត៌មាន SCMP បាន​រាយការណ៍​ថា បច្ចុប្បន្ន ភាគីខាង​ប្រទេស​ចិន​ មិន​ទាន់​ឆ្លើយ​តបជា​ផ្លូវ​ការ​ទៅ​​នឹង​សំណើរ​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ឡើយ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement