មែនឬ ដុសសម្អាតធ្មេញក្រោយបាយហើយភ្លាម ប្រថុយនឹងការពុកធ្មេញ?

កាលពីថ្ងៃមុន ឃើញមិត្តរួមការងារម្នាក់ញ៉ាំបាយហើយ ក៏ក្រោកទៅចាប់យកច្រាសដុសធ្មេញចូលបន្ទប់ទឹកភ្លាមតែម្ដង យើងក៏នឹកស្ងើចសរសើរគាត់ពីរឿងម៉ឺងម៉ាត់ក្នុងការថែទាំសុខភាពប្រអប់មាត់របស់ខ្លួន បានយ៉ាងល្អដែលយើងមិនដែលបានធ្លាប់ធ្វើបែបហ្នឹងឡើយ។ តែក៏គួរឱ្យនឹកសង្ស័យដែរថា យើងជាមនុស្សម្នាក់ដែលមិនធ្លាប់ដុសធ្មេញលើសពី2ដងឡើយក្នុងមួយថ្ងៃ ហើយគ្រូពេទ្យបានប្រាប់ថា យើងស្ទើរតែគ្មានធ្មេញណាមួយពុកឡើយកំណកកំបោរក៏មិនសូវមានដែរ មិនចាំបាច់សម្អាតនាំតែអស់លុយទេ តែមិត្តរួមការងារម្នាក់នោះបែរជាមានធ្មេញពុកច្រើន ហើយថែមទាំងមានបញ្ហារឿងការស្រៀវធ្មេញញឹកញាប់ទៀតផង។

ឬមួយក៏… ការដុសសម្អាតធ្មេញក្រោយញ៉ាំបាយហើយភ្លាមៗមិនល្អចំពោះសុខភាពធ្មេញដូចដែលយើងគិត?

មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ការទទួលទានអាហារប្រភេទទឹកផ្លែឈើ ទឹកភេសជ្ជៈកំប៉ុង ឬអាហារ និងភេសជ្ជៈដែលមានឫទ្ធិជាអាស៊ីតស្រាលៗ និងមានជាតិស្ករខ្ពស់ នឹងធ្វើឱ្យសារធាតុស្រោបធ្មេញផ្នែកខាងក្រៅបន្ទន់ខ្លួនយូរតាំងពី10នាទីរហូតទៅដល់1ម៉ោង ដូច្នេះក្នុងអំឡុងពេលដែលសារធាតុស្រោបធ្មេញនោះកំពុងបន្ទន់ខ្លួន បើអ្នកធ្វើការដុសសម្អាតធ្មេញភ្លាម វានឹងក្លាយជាមូលហេតុធ្វើឱ្យសារធាតុស្រោបការពារសាច់ធ្មេញនោះរបូត ឬសឹកអស់បាន។

នៅពេលសារធាតុស្រោបការពារធ្មេញនោះរបូតចេញ ឬសឹកអស់ ធ្វើឱ្យធ្មេញលែងរឹងមាំអាចប្រថុយនឹងការកើតអាការស្រៀវធ្មេញ និងធ្មេញសឹកកាន់ខ្លាំងឡើង រហូតធ្វើឱ្យកាន់តែងាយពុកធ្មេញឡើងទៀតផង។

បើអ្នកណាដែលនៅតែចង់ដុសសម្អាតធ្មេញដើម្បីសុខភាពដ៏ល្អរបស់ប្រអប់មាត់ក្នុងអំឡុងពេលថ្ងៃនោះ មានដំបូន្មានល្អៗដូចខាងក្រោមនេះ៖

1. ដុសសម្អាតធ្មេញដោយថ្នាំដុសធ្មេញដែលមានផ្សំដោយ ផ្លអូរ៉ាយដ៍ មុនទទួលទានអាហារប្រភេទភេសជ្ជៈ ទឹកផ្លែឈើក្រឡុក ទឹកភេសជ្ជៈកំប៉ុង ឬភេសជ្ជៈ និងអាហារដែលមានរសជាតិជូរ និងផ្អែមខ្លាំង។

2. ខ្ពុរមាត់ដោយទឹកស្អាតភ្លាមៗក្រោយពេលញ៉ាំអាហារទាំងអស់នោះហើយភ្លាម អាចនឹងខ្ពុរមាត់ដដែលៗបាន ហើយសម្រាកប្រមាណជា1ម៉ោង សឹមក្រោកទៅដុសសម្អាតធ្មេញ។

3. ជ្រើសរើសប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ និងដុសសម្អាតធ្មេញដោយថ្នមដៃ តែដុសសម្អាតឱ្យបានយូរឡើង ល្អជាងដុសបែបខ្លាំងៗ និងលឿនៗឆាប់ហើយ។

4. ក្រោយពេលដុសធ្មេញ អាចខ្ពុរតែពពុះថ្នាំដុសធ្មេញចេញដោយមិនបាច់ខ្ពុរនឹងទឹកស្អាតទៀតឡើយ តែបើមានអារម្មណ៍ថាមិនស្រួលក្នុងមាត់ ចូរខ្ពុរមាត់នឹងទឹកស្អាតតែម្ដងទៀតបានហើយ ដើម្បីឱ្យសារធាតុ ផ្លអូរ៉ាយដ៍ នៅជាប់នឹងធ្មេញឱ្យបានច្រើនបំផុត។

ត្រឹមតែតិចនិកងាយៗប៉ុណ្ណឹង លោកអ្នកក៏នឹងមានសុខភាពធ្មេញដែលល្អ ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យធ្មេញញឹកញាប់បានបាត់ទៅហើយ៕

Advertisement