WHO ព្រមាន​អំពី COVID-19 វ៉ា​រ្យ៉​ង់ ថ្មី ដ៏​គ្រោះថ្នាក់ អាច​ឆ្លង​រាលដាល​ទូទាំង​សកលលោក

វេជ្ជបណ្ឌិត Didier Houssin (ស្ដាំ) ប្រធានគណៈកម្មការគ្រាអាសន្ន របស់ អង្គការសុខភាពពិភពលោក

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​ក្រុម​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី ប្រកបដោយ​គ្រោះថ្នាក់​ជាង និង​ងាយ​ឆ្លង​ជាង នឹង​អាច​បង្ហាញខ្លួន នៅ​ពាសពេញ​ពិភពលោក បណ្ដាលឱ្យ​ការទប់ស្កាត់ កាន់តែ​ជួប​ការលំបាក។

«មហា​រោគរាតត្បាត មិនទាន់​អាច​បញ្ចប់» គណៈកម្មការ​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី 15 កក្កដា បាន​ព្រមាន​ដូច្នេះ បន្ទាប់ពី​កិច្ចប្រជុំ​មួយ​នៅមុន​នោះ​មួយថ្ងៃ។

Didier Houssin ប្រធាន​គណៈកម្មការ​ខាងលើ​បាន​ទទួលស្គាល់ថា «របត់​ថ្មី ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពិតជា​គួរឱ្យ​ព្រួយបារម្ភ»។ លោក Didier Houssin និយាយថា មួយឆ្នាំ​កន្លះ បន្ទាប់ពី WHO បានប្រកាស​គ្រាអាសន្ន​ដំបូង​អំពី​សុខភាព​សាធារណៈ និង​កម្រិត​នៃ​ភាពអាសន្ន «យើង​នៅតែ​រត់តាម​វីរុស​នេះ ហើយ​វីរុស​នេះ​ក៏​កំពុងតែ​រត់តាម​យើង»។

បច្ចុប្បន្ន វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន​ថ្មី) ចំនួន 4 របស់ COVID-19 កំពុងតែ​គ្រប់គ្រង​វិបត្តិ​សុខភាព​នៅ​ទូទាំង​សកលលោក រួមមាន Alpha, Beta, Gamma និង​ពិសេស​គឺ​វ៉ា​រ្យ៉​ង់ Delta ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស។ ក៏ប៉ុន្តែ គណៈកម្មការ​ខាងលើ បាន​ព្រមាន​ថា បញ្ហា​អាក្រក់​ជាង​បច្ចុប្បន្ន អាច​នៅខាងមុខ​នៅឡើយ ដោយ​លើកឡើង​អំពី «លទ្ធភាព​ខ្ពស់​ដែល វីរុស​បំប្លែង​ខ្លួន​ថ្មី អាច​បង្ហាញខ្លួន និង​ឆ្លង​រាលដាល​ពេញ​ពិភពលោក» ហើយ​បង្កើតបានជា​ឧបសគ្គ​ធំធេង​សម្រាប់​ការប្រយុទ្ធប្រឆាំង​របស់​មនុស្ស។

បច្ចុប្បន្ន វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន​ថ្មី) ចំនួន 4 របស់ COVID-19 កំពុងតែ​គ្រប់គ្រង​វិបត្តិ​សុខភាព​នៅ​ទូទាំង​សកលលោក

WHO ប្រកាសថា បណ្ដា​វីរុស​បំប្លែង​ខ្លួន ដែល «គួរឱ្យ​បារម្ភ» គឺ​នៅពេល​ពួកវា​ត្រូវបាន​គេ​ចាត់ទុកថា ងាយ​ឆ្លង​ជាង​វីរុស​ធម្មតា និង​បង្ក​ការស្លាប់​ច្រើនជាង​មុន ឬ​មានលទ្ធភាព​ទប់ទល់​នឹង​វ៉ាក់សាំង។

WHO និយាយថា «ការពាក់​ម៉ាស់ ការរក្សា​គម្លាត រក្សា​អនាម័យ និង​កែលម្អ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​ក្នុងផ្ទះ នៅតែ​ជា​គន្លឹះ​សំខាន់​ក្នុងការ​កាត់បន្ថយ​ការឆ្លង​រាលដាល»។ អង្គការ​នេះ​ក៏បាន​សង្កត់ធ្ងន់ថា ត្រូវ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​យ៉ាងតិច 10% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេសនីមួយៗ នៅត្រឹម​ខែកញ្ញា​ខាងមុខ រួម​នឹង​ការចែករំលែក​វ៉ាក់សាំង រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ។

គិត​មកដល់​ព្រឹក​ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021 ពិភពលោក​ទាំងមូល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស COVID-19 សរុប​ចំនួន 189,702,247 នាក់ ក្នុងនោះ​មាន 4,082,637 នាក់​បាន​ស្លាប់, 173,130,284 នាក់ បានជា​សះស្បើយ និង 12,489,326 នាក់ កំពុង​ព្យាបាល ហើយ​ក្នុងចំណោម​នេះដែរ ក៏មាន​អ្នកជំងឺ​ជាង 79,220 នាក់ កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត ដោយសារតែ​អាការ​ធ្ងន់ធ្ងរ៕

ប្រភព៖ CNN, AFP, Worldometers,
ប្រែ​សម្រួល៖ បុត្រា

Advertisement