ថៃចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដល់​កុមារ​អាយុ​ពី ៦ ខែ​ដល់​ ៤ ឆ្នាំ​

កុមារ​ដំបូងៗ​ដែល​បាន​ចាក់វ៉ាក់សាំង​នៅ​ ប្រទេសថៃ

កាលពី​ថ្ងៃទី ១២ តុលា ក្រសួង​សុខាភិបាល​ថៃ បាន​ដំណើរ​ការ​កម្មវិធី​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ សម្រាប់​ក្រុម​កុមារ​ដែល​មាន​អាយុ​ពី ៦ ខែ​ដល់ ៤ ឆ្នាំ ដែល​នេះ​បាន​នាំ​ឱ្យ​ ប្រទេស​ថៃ ក្លាយ​ជា​ទឹក​ដី​ដំបូង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​អនុវត្ត​កិច្ចការ​បែប​នេះ​។

ព្រឹត្តិការណ៍​ដែលជា​​កិច្ច​ចាប់​ផ្ដើម​សម្រាប់​កម្មវិធី​ខាងលើ​ត្រូវ​បាន​ធ្វើឡើង​នៅ​ឯ​មន្ទីរ​ពេទ្យ​ Phra Nang Klao ខេត្ត Nonthaburi ក្រោម​អធិបតីភាព​របស់​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល Anutin Charnvirakul។

នៅ​ក្នុង​ពិធី​បើក​ដំណើរ​ការ​កម្មវិធី​នេះ លោក Anutin បាន​ឱ្យ​ដឹង​ថា កុមារ​អាយុ​ពី ៦ ខែ​ដល់ ៤ ឆ្នាំ នៅ​តូច​ណាស់​ មិន​អាច​ការ​ពារ​ខ្លួន​បាន​ និង​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​។ ការ​ចាក់​វ៉ាក់សាំង​ដើម្បី​បង្កើន​សមត្ថភាព​ការ​ពារ​រាង​កាយ​គឺជា​រឿង​ចាំបាច់​។

លោក Anutin អះអាង​ថា ប្រភេទ​វ៉ាក់សាំង​សម្រាប់​កុមារ​ មាន​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​។ បន្ទាប់​ពី​បាន​ចាក់វ៉ាក់សាំង អាច​កើត​មាន​អាការ​មួយ​ចំនួន ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​។ លោក​ក៏​បាន​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ នាំកូន​តូច​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​។

គិត​មក​ដល់​បច្ចុប្បន្ន ពលរដ្ឋ​ប្រមាណ​ ៨២% នៅ​ ប្រទេស​ថៃ បាន​ទទួល​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ពេញ​លេញ​។

រដ្ឋ​លេខាអចិន្ត្រៃយ៍​របស់​ ក្រសួងសុខាភិបាល​ថៃ លោក Opas Karnkawinpong បាន​ឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រទេស​នេះ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ របស់ Pfizer ចំនួន ៣ លាន​ដូស​សម្រាប់​កុមារ​តូច​ៗ និង​បាន​ទទួល​ ១ លាន​ដូស​រួច​ហើយ​៕

Advertisement