Covid-19៖ កូរ៉េខាង​ត្បូង​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 ជិត​600​នាក់នៅ​ក្នុង​ថ្ងៃ​នេះ ខណៈ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​…

អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ Covid-19 ចំនួន​571នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​កូរ៉េខាង​ត្បូង​ក្នុង​ថ្ងៃ​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​នៅ​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​2,337នាក់​។

មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់ស្កាត់​អាសន្នរោគ​របស់​កូរ៉េខាង​ត្បូង​ នា​ល្ងាច​នេះ​បាន​ឱ្យ​ដឹង​ថា​ ពួកគេ​បាន​រកឃើញអ្នក​ឆ្លង​មេរោគ​ថ្មី​បន្ថែម​315​នាក់ទៀត​ ក្រោយ​ពី​បាន​ប្រកាស​កាល​ពី​ព្រឹក​មិញ​ថា ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​បន្ថែម​ចំនួន​256នាក់​។ ដូច្នេះ ចំនួន​ករណី​ឆ្លង​មេរោគ​ Covid-19 ថ្មី​បន្ថែម​នៅ​កូរ៉េខាង​ត្បូង​កើន​ដល់​571​នៅ​ក្នុង​​ថ្ងៃ​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ឡើង​ដល់​2,337នាក់​។

នេះ​គឺជា​កំណើន​ខ្ពស់​បំផុត​នៅ​កូរ៉េខាង​ត្បូង​សម្រាប់​​មួយ​ថ្ងៃ រាប់​ចាប់​ពី​អាសន្ន​រោគ​ Covid-19 បាន​ឆ្លង​រាល​ដាល​នៅ​ក្នុង​ប្រទេស​នេះ​។ តួលេខនៃ​ការ​ឆ្លង​ក្នុង​ថ្ងៃ​​នេះរបស់​កូរ៉េខាង​ត្បូង បាន​ “យកឈ្នះ” ទៅ​លើ​ប្រទេស​ចិន​ ដែល​ថ្ងៃ​នេះ ចិន​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​327នាក់​។​ កាល​ពី​2ថ្ងៃ​មុន ចំនួន​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​នៅ​កូរ៉េខាង​ត្បូង​មាន​ត្រឹម​តែ​ជាង​1,000នាក់ប៉ុណ្ណោះ​។

គិត​មក​ត្រឹម​ល្ងាច​នេះ​(28កុម្ភៈ) ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​កូរ៉េខាង​ត្បូងសរុប​​ចំនួន​13នាក់​ដដែល​។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺនេះ មាន​ចំនួន​27នាក់ ខណៈ​ដែល​អ្នក​ជំងឺ​10នាក់​ផ្សេង​ទៀត​​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement