ឥណ្ឌា អភិវឌ្ឍ​វ៉ាក់សាំង​​បង្ការ​​ជំងឺមហារីក​មាត់ស្បូនជា​លើក​ដំបូង

វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា (SII) ដែលជា​អ្នក​ផលិត​វ៉ាក់សាំង​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បាន​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ដំបូង​របស់ខ្លួន និង​ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​នាពេលឆាប់ៗខាងមុខ។ SII និង រដ្ឋាភិបាល​ឥណ្ឌា បានបញ្ជាក់​អំពី​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី ០១ កញ្ញា។

មហារីក​មាត់ស្បូន​គឺជា​ជំងឺមហារីក​ដែល​កើតមាន​ច្រើនជាងគេ​លំដាប់​ទី ៤ នៅលើ​ស្ត្រី ក្នុងនោះ ក្នុង​ឆ្នាំ ២០២០ មាន​ស្ត្រី​ចំនួន ៦០៤,០០០ នាក់ បានកើត​ជំងឺ​នេះ និង ៣៤២,០០០ នាក់​បាន​បាត់​បង់ជីវិត។ ប្រមាណ ៩០% នៃ​ករណី​កើត​ជំងឺ​នេះ កើតឡើង​នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម។

វីរុស ២ ប្រភេទ​គឺ HPV 16 និង HPV 18 គឺជា​ដើមហេតុ​ដែលនាំឱ្យ​កើត​ជំងឺមហារីក​មាត់ស្បូន យ៉ាងតិច ៧០% ក្នុងចំណោម​ករណី​សរុប។ ការិយាល័យ​បច្ចេកវិទ្យា​ជីវសាស្ត្រ​ឥណ្ឌា បានឱ្យដឹងថា វ៉ាក់សាំង​ថ្មី​របស់​ប្រទេស​នេះ​នឹងមាន​ប្រសិទ្ធភាព​ចំពោះ​វីរុស​ប្រភេទ HPV 16 និង ១៨ ក៏ដូចជា​ប្រភេទ ៦ និង ១១។

វិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII)

បច្ចុប្បន្ន ក្រុមហ៊ុន Merck និង GSK គឺជា​អ្នក​ផលិត​វ៉ាក់សាំង​បង្ការវីរុស HPV សំខាន់​ជាងគេ​នៅក្នុង​ពិភពលោក។

នាយក​ប្រតិបត្តិ​របស់ SII លោក Adar Poonawalla ឱ្យដឹងថា វ៉ាក់សាំង​នេះ​នឹងត្រូវ​បានដាក់​លក់​ក្នុង​ទីផ្សារ​នា​ប៉ុន្មាន​ខែ​ខាងមុខ ប៉ុន្តែ ដំបូង​ត្រូវ​លក់​នៅក្នុង​ប្រទេស មុននឹង​ដាក់លក់​នៅ​បរទេស។ វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន​នេះ​នឹងមាន​តម្លៃ​ចាប់ពី ២.៥១ ដល់ ៥.០៣ ដុល្លារ​អាម៉េរិក​/​ដូស។ ក្រុមហ៊ុន SII កំណត់​គោលដៅ​ផលិត​វ៉ាក់សាំង​នេះ​ឱ្យបាន​ ២០០ លាន​ដូ​ស​ក្នុងអំឡុង ២ ឆ្នាំ​ខាងមុខ។

វ៉ាក់សាំង​ខាងលើ​នឹង​ត្រូវបាន​ប្រើប្រាស់​តាមរយៈ​ការចាក់ ក្នុងនោះ ក្រុមមនុស្ស​ដែលមាន​អាយុ​ពី ៩ ដល់ ១៤ ឆ្នាំ តម្រូវឱ្យ​ចាក់ ២ ដូ​ស និង​ក្រុម​ដែលមាន​អាយុ​ពី ១៥ ដល់ ២៦ ឆ្នាំ តម្រូវឱ្យ​ចាក់ ៣ ដូ​ស៕

Advertisement