គ្រុនឈាម Lassa សាហាវ​ជាង​កូ​វីដ-១៩ ទៅទៀត នៅ ប្រទេស​នី​ហ្សេ​រី​យ៉ា!

នៅពេល​បាន​ឮថា ខ្លួន​ឆ្លង​វីរុស Lassa បុរស​ម្នាក់​ឈ្មោះ Victory Ovuoreoyen គិតថា នេះ​គឺជា «សញ្ញា​ខណ្ឌ​បរិយោសាន» សម្រាប់​ជីវិត​របស់គាត់។

Victory Ovuoreoyen ជា​អាជីវករ​មួយរូប ហាក់​មិនអាច​ងើប​ដើរ​បាន និង​មានការ​បារម្ភ​ខ្លាំង​អំពី​ជីវិត​របស់ខ្លួន នៅពេល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង Owo ភាគ​និរតី​នៃ ប្រទេស​នី​ហ្សេ​រី​យ៉ា។ គាត់​មាន​អាការ​ក្ដៅខ្លួន​ខ្លាំង ក្អួតចង្អោរ និង​ចុះរាក​យ៉ាងធ្ងន់ធ្ងរ។

ប៉ុន្តែ ក្រោយ​ការព្យាបាល ៤ ថ្ងៃ នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក អ្នកជំងឺ​នេះ​បច្ចុប្បន្ន​អាច​ក្រោក​អង្គុយ​ត្រង់​ខ្នង​នៅលើ​គ្រែ​បាន​ហើយ។ Victory Ovuoreoyen គឺជា​អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​តិចតួច​ដែល​អាចមាន​កម្លាំង​និយាយបាន។

អ្នកជំងឺ​វ័យ ៤៨ ឆ្នាំ​ខាងលើ​គឺជា​មនុស្ស​មានសំណាង​មួយរូប​ដែលមាន​សុខភាព​ប្រសើរ​ឡើងវិញ ធៀប​នឹង​អ្នកជំងឺ​គ្រុនឈាម Lassa ដទៃ។ បើទោះជា ៨០% នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស Lassa (វីរុស​ដែល​បង្ក​ជំងឺគ្រុនឈាម​ស្រួចស្រាវ) មិនមាន​អាការ​ធ្ងន់ធ្ងរ ហើយ​ភាគច្រើន​មិន​ត្រូវបាន​ពិនិត្យ​ជំងឺ ប៉ុន្តែ អត្រា​នៃ​ការស្លាប់​នៅលើ​អ្នកជំងឺ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​គឺ ១៥% នេះ​បើតាម អង្គការ​សុខភាព​ពិភពលោក។

ជំងឺ​គ្រុន Lassa ធ្វើឱ្យ​បរិមាណ​ប្លា​កែ​ត​ក្នុង​ឈាម​ថយចុះ និង​កាត់បន្ថយ​សមត្ថភាព​ក​ក​របស់​ឈាម បង្ក​ឱ្យ​ឈាម​ហូរ​នៅ​ខាងក្នុង​រាងកាយ​អ្នកជំងឺ។ ស្ថានភាព​អស់កម្លាំង​ច្រើន​ថ្ងៃ​នឹង​នាំឱ្យ​អ្នកជំងឺ​ត្រូវ​បាត់បង់​ជីវិត។

រោគសញ្ញាដំបូងៗរបស់​ជំងឺ​ខាងលើ រួមមាន ឈឺក្បាល ឈឺ​សាច់ដុំ ឈឺបំពង់ក រ​កល​ក្អួត និង​ក្ដៅខ្លួន។ ដំបូង​ឡើយ គ្រូពេទ្យ​ពិតជា​មានការ​ពិបាក​ក្នុងការ​បែងចែក​ឱ្យ​ច្បាស់​ថា វា​ជា​ជំងឺគ្រុនឈាម Lassa ឬ​ជា​ជំងឺគ្រុនចាញ់៕

Advertisement