នាំគ្នាទៅពិនិត្យសុខភាព ដើម្បីឱ្យមានអាយុវែងវិញ ប្រសើរជាង…(តចប់)

សុខភាពរាងកាយរបស់យើង គឺជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏មហាសាលលើសពីអ្វីៗទាំងអស់។ តើថ្ងៃនេះ លោកអ្នកមានយកចិត្តទុក​ដាក់មើលថែទាំសុខភាពខ្លួនឯងហើយឬនៅ?។ កាលពីលេខមុន យើងបានដឹងខ្លះរួចហើយអំពីការទៅពិនិត្យសុខភាពដើម្បីឱ្យមានអាយុវែង ដូច្នេះលេខនេះ ឡារ៉ែន សូមរៀបរាប់ជាបន្តទៀតដូចតទៅ…។

8 . ជាតិខ្លាញ់ ត្រៃគ្លីស៊ើរ៉ាយដ៍(Triglyceride) : ដើម្បីពិនិត្យរកមើលជាតិខ្លាញ់ក្នុងសរសៃឈាមដែលអាចជាមូលហេតុរបស់ជំងឺបេះដូងត្បៀត និងសរសៃឈាមខួរក្បាល​រួម​តូច។

9 . អាស៊ីត យូរិកក្នុងឈាម(Uric Acid) : ដើម្បីពិនិត្យមើលរោគឈឺតាមឆ្អឹងសន្លាក់ដៃជើង បើកម្រឹតជាតិអាស៊ីត យូរិក ឡើងខ្ពស់ជាងប្រក្រតី អាចនឹងបង្កឱ្យកើត​ក្រួសនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។

10 . ទឹកនោម(Urine) : ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់ប្រព័ន្ធបញ្ចេញទឹកនោម ដែលអាចធ្វើឱ្យកើតជំងឺរលាកប្លោកនោម ឬជំងឺក្រលៀន រហូតដល់ការសេសសល់នៃសារជាតិគ្រឿងញៀនផ្សេងៗទៀតផង។

11 . លាមក(Stool Examination) : ដើម្បីពិនិត្យរកសត្វល្អិត ឬព្រូនផ្សេងៗ និងប្រព័ន្ធបន្ទោបង់ថា តើខុសប្រក្រតីឬទេ ដោយអាចសង្កេតបានតាមរយៈលាមកដែលមានប្រឡាក់ឈាម ដែលអាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ពោះវៀនធំ ឬមានជំងឺឬសដូងបាត។

12 . ឆ្លុះអិចស៍រេយ៍សួត និងបេះដូង(Chest X-ray) : ដើម្បីពិនិត្យមើលស្ថានភាពសួត សាច់ភ្នាសស្រោបសួត បេះដូង និងឆ្អឹងប្រអប់ទ្រូង ជាពិសេសអ្នកដែលជក់បារី ឬអ្នកដែលទទួលរងសារជាតិពុលដែលមានមេរោគ អាចធ្វើឱ្យសួតខុសប្រក្រតីដែលជាមូលហេតុនៃជំងឺរបេង ជំងឺថង់ខ្យល់ហើម។

13 . ដំណើរបេះដូង(EKG) : ដើម្បីពិនិត្យមើលការលោតរបស់បេះដូងថា តើមានភាពខុសប្រក្រតីដែរឬទេ ដើម្បីរកមូលហេតុនៃការកើតជំងឺបេះដូង​ប្រភេទផ្សេងៗ ដូចជា សាច់ដុំបេះដូងខ្វះឈាមមកចិញ្ចឹម ជាដើម។

14 . អាល់ត្រាសោនដ៍ក្នុងពោះផ្នែកខាងលើ(Ultrasound Upper Abdomen) : ដើម្បីពិនិត្យមើលអវយវៈខាងក្នុងពោះផ្នែកខាងលើថា តើមានភាពខុសប្រក្រតីឬទេ ដែលមានដូចជា ថ្លើម លំពែង ថង់ទឹក​ប្រមាត់ ក្រលៀន និងសរសៃឈាមខ្នាតធំដោយប្រើគោលការណ៍ស្តាប់សម្លេងខ្ទរមកវិញរបស់រលកសម្លេង។

15 . អិចស៍រេយ៍ប្រព័ន្ធរំលាយអាហារផ្នែកតំបូង(Upper GI) : គឺជាការអិចស៍រេយ៍ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់បំពង់អាហារ ក្រពះ និងពោះវៀនតូចផ្នែកដំបូងថា តើមាន​សាច់ដុះ រលាក ឬមានលក្ខណៈខុសប្រក្រតីណាមួយឬក៏អត់?៕

Advertisement