WHO ចេញប្រកាសទាក់ទិននឹងការចាត់ទុកជំងឺអុតស្វា (Monkeypox) ជាស្ថានភាពអាសន្ន​ផ្នែក​​សុខាភិបាល​សកល

អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ម្សិលមិញ (២៥ មិថុនា) បាន​អះអាងថា ជំងឺ​អុត​ស្វា​បច្ចុប្បន្ន មិនទាន់​ឈានដល់​ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​កម្រិត​សកល បើទោះជា​ប្រធាន WHO បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។

ប្រកាស​អំពី​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការជំនាញ​របស់ WHO កាលពី​ថ្ងៃទី ២៣ មិថុនា លោក Tedros Adhanom Ghebreyesus ប្រធាន WHO បានឱ្យដឹងថា គណៈកម្មការ​ទទួលបន្ទុក​លើ​បញ្ហា​បន្ទាន់​នេះ បាន​ចែករំលែក​នូវ​ការព្រួយបារម្ភ​អំពី​ទំហំ និង​ល្បឿន​នៃ​ការឆ្លង​រាលដាល​របស់​ជំងឺ​អុត​ស្វា​នាបច្ចុប្បន្ន។

យោងតាម​លោក Tedros របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​ខាងលើ​បាន​ណែនាំ​ថា នៅក្នុងពេល​បច្ចុប្បន្ន ជំងឺ​អុត​ស្វា មិនទាន់​ក្លាយជា​ស្ថានភាព​អាសន្ន​ស្ដីពី​សុខភាព​សាធារណៈ​សកល (PHEIC) នៅឡើយ។ PHEIC គឺជា​កម្រិត​នៃ​ភាពអាសន្ន​ខ្ពស់បំផុត​ដែល WHO អាច​ប្រកាស។

គិត​ចាប់ពី​ដើមខែ​ឧសភា ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជាច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​បណ្ដា​ប្រទេស​នៅ អាហ្វ្រិក​កណ្ដាល និង អាហ្វ្រិក​ខាងលិច ជាទី​ដែល​ជំងឺ​នេះ កន្លងមក​ត្រូវបាន​ចាត់ទុកថា​ជា​ជំងឺឆ្លង​ដោយ​តំបន់។ ជា​សរុប មកដល់​បច្ចុប្បន្ន ការឆ្លង​ជំងឺ​អុត​ស្វា​ចំនួន​ជាង ៣,២០០ ករណី និង​ស្លាប់ ១ ករណី ត្រូវបាន​រាយការណ៍​ទៅកាន់ WHO ក្នុងនោះ ភាគច្រើន​គឺ​នៅ តំបន់​អឺរ៉ុប​ខាងលិច៕

Advertisement