កូរ៉េខាងត្បូង រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (Monkeypox) ដំបូង ចំនួន ២ នាក់

ម្នាក់​ក្នុងចំណោម ២ នាក់ ដែល​បាន​ឆ្លង​វីរុស​បង្ក​ជំងឺ​អុត​ស្វា​នេះ មាន​រោគសញ្ញា និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក។

កូរ៉េខាងត្បូង ទើបតែ​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា ដំបូង​ចំនួន ២ នាក់ នៅ​ប្រទេស​នេះ។ សារព័ត៌មាន Yonhap បានឱ្យដឹងថា ម្នាក់​ក្នុងចំណោម ២ នាក់ ដែល​បាន​ឆ្លង​វីរុស​បង្ក​ជំងឺ​អុត​ស្វា​នេះ មាន​រោគសញ្ញា នៅពេល​កំពុង​បំពេញបែបបទ​សុំ​ទិដ្ឋាការ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ Incheon។ ភ្លាមៗនេះ អ្នកជំងឺ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​សុខាភិបាល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល។

កាលពី​ដើមខែ​នេះ កូរ៉េខាងត្បូង បានដាក់​បញ្ចូល​ជំងឺ​អុត​ស្វា ទៅក្នុង​បញ្ជី​នៃ​ជំងឺ​ដែលមាន​ហានិភ័យ​ឆ្លង​ក្នុង​កម្រិត​ទី ២ ក្នុង​ប្រព័ន្ធ​ជំងឺ ៤ កម្រិត​របស់​ប្រទេស​នេះ ក្នុងនោះ​ក៏មាន កូ​វីដ-១៩, អុតស្វាយ និង​ជំងឺរាក​ស្រួចស្រាវ​ដែល​បង្កដោយ​បាក់តេរី Cholera ផងដែរ។

អង្គការ​សុខភាព​ពិភពលោក (WHO) មកដល់​បច្ចុប្បន្ន បាន​បញ្ជាក់ថា មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ២,១០០ នាក់ និង​មាន​ករណី​ស្លាប់​ម្នាក់ នៅក្នុង​ង​ប្រទេស​ចំនួន ៤២ ក្នុង​ពិភពលោក ក្នុងនោះ ៨៤% នៃ​ករណី​ឆ្លង ត្រូវបាន​រកឃើញ​នៅ អឺរ៉ុប។

តាម​គម្រោង WHO នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃស្អែក (២៣ មិថុនា) ដើម្បី​ពិនិត្យ​មើលថា តើ​ការផ្ទុះ​ឆ្លង​ជំងឺ​អុត​ស្វា​បច្ចុប្បន្ន អាច​ក្លាយជា​ស្ថានការណ៍​អាសន្ន​សម្រាប់​សកលលោក​ដែរ ឬទេ។

Advertisement