WHO ថា ជំងឺអុតស្វា (Monkeypox) បានឆ្លងដល់ ៣០ ប្រទេសហើយ!

កាលពី​ថ្ងៃទី ៣១ ឧសភា អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា វីរុស​បង្ក​ជំងឺ​អុត​ស្វា​បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន ៣០ ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង​សរុប​ជាង ៥៥០ នាក់។

នៅ​ចំពោះមុខ​ក្រុមអ្នកកាសែត វេជ្ជបណ្ឌិត Rosamund Lewis អ្នកជំនាញ​ខាង​ជំងឺ​អុត​ស្វា​នៅក្នុង​កម្មវិធី​បន្ទាន់រ​បស់ WHO បានឱ្យដឹងថា «បច្ចុប្បន្ន មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជាង ៥៥០ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ៣០ ក្នុង ៤ តំបន់ ក្នុងចំណោម ៦ តំបន់​របស់ WHO»។

លោកស្រី Lewis អះអាងថា ជំងឺ​អុត​ស្វា​កំពុងតែ​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​ក្នុងពេល​តែមួយ ក្នុង​រយៈពេល​ដ៏​ខ្លួន។ នេះ​គឺជា​ប្រការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក។

វេជ្ជបណ្ឌិត Lewis ឱ្យដឹងថា នាបច្ចុប្បន្ន WHO មិន​ជឿថា ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​អុត​ស្វា​នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក នឹង​នាំទៅរក​ជំងឺ​រាតត្បាត​សកល​ឡើយ។ ពេលនេះ WHO កំពុង​ពិនិត្យមើល​ការផ្ទុះ​ឆ្លង​រាលដាល ដើម្បី​ឱ្យដឹងថា វា​អាច​ក្លាយជា​ជំងឺ​អាសន្នរោគ​សកល​ដូច​ទៅនឹង កូ​វីដ-១៩ ឬ អេ​បូ​ឡា ដែរ ឬ​យ៉ាងណា បន្ទាប់មក​នឹងមាន​ដំណោះស្រាយ ជួយ​ជំរុញ​ការស្រាវជ្រាវ និង​គាំទ្រ​ដល់​ការប្រយុទ្ធប្រឆាំង​ជំងឺ​នេះ។

ជំងឺ​អុត​ស្វា​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​លើ​មនុស្ស​កាលពី​ឆ្នាំ ១៩៧០ នៅ ទ្វីបអាហ្វ្រិក ហើយ​ចាប់ពីពេលនោះ​មក ករណី​ឆ្លង​ស្ទើរតែ​ទាំងអស់​ត្រូវបាន​រកឃើញ​នៅ​តំបន់​ជនបទ និង​ព្រៃ​ត្រូ​ពិ​ក។ ប៉ុន្មាន​ទសវត្សរ៍​កន្លងមក មានតែ​ប៉ុន្មាន​ករណី​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រកឃើញ។ ក្រោយមក ក្នុង​ឆ្នាំ ២០១៧ មាន​ជាង ២,៨០០ ករណី​ត្រូវបាន​សង្ស័យថា​បាន​ឆ្លង​ជំងឺ​នេះ នៅក្នុង​ប្រទេស​ចំនួន ។ ឆ្នាំ ២០២០ ចំនួន​ករណី​សង្ស័យ​ឆ្លង​ជំងឺ​អុត​ស្វា​បាន​កើន​ដល់​ជាង ៦,៣០០ នាក់ ក្នុងនោះ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មាន​រហូតដល់ ៩៥%។ តួលេខ​នៃ​ករណី​សង្ស័យ​នេះ ក្រោយមក​បាន​ថយ​ចុះមក​នៅត្រឹម​ប្រហែល ៣,២០០ នាក់ ក្នុង​ឆ្នាំ ២០២១។

យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​អុត​ស្វា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ វីរុស​នេះ​ឆ្លង​នៅពេល​មនុស្ស​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

Advertisement