កូ​វីដ-១៩​ ប្រភេទ ​អូ​មី​ក្រុង​ «​បំបាំង​កាយ» បង្ក​ឱ្យ​មាន​​អាការ​​ធ្ងន់​ធ្ងរ​​នៅ​លើ​​កុមារ

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ហុងកុង (ប្រទេស​ចិន) បាន​បង្ហាញថា កុមារ​ដែល​ឆ្លង BA.២ ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​អាច «បំបាំងកាយ» របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៃ វីរុស​កូ​វីដ-១៩ មានលទ្ធភាព​ធ្វើឱ្យ​អាការរោគ​របស់​អ្នកជំងឺ ប្រែជា​ធ្ងន់ធ្ងរ​ជាង បើ​ធៀប​នឹង វីរុស​បំប្លែង​ខ្លួន​ដទៃ ឬ​ធៀប​នឹង​ជំងឺ​រលាក​សួត និង​ជំងឺ​ផ្ដាសាយ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចាត់ទុកថា ជា​របកគំហើញ​បឋម ព្រោះ​មិនទាន់​ត្រូវបាន​ផ្ទៀ​ត​ផ្ទាត់​ត្រឹមត្រូវ​ដោយ​អ្នកវិទ្យាសាស្ត្រ​ខាងក្រៅ​ប្រទេស​ចិន ឬ​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ ក៏ដូចជា​មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​ផ្សេង​បញ្ជាក់បន្ថែម។

វេជ្ជបណ្ឌិត Beth Thielen នៅ​សាកលវិទ្យាល័យ Minnesota សហរដ្ឋ​អាម៉េរិក យល់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នៅ ហុងកុង នេះ ឱ្យ​យើង​ដឹង​អំពី​ផលប៉ះពាល់​ដំបូង​របស់ វ៉ា​រ្យ៉​ង់ BA.២ និង​បញ្ជាក់​អំពី​សារសំខាន់​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩។

ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ សាកលវិទ្យាល័យ​ហុងកុង ត្រូវបាន​ធ្វើឡើង​ដោយ​ការប្រៀបធៀប​អត្រា​នៃ​ការចូល​ពេទ្យ​របស់​កុមារ ដោយសារ BA.២ ជាមួយនឹង​បណ្ដា វីរុស​បំប្លែង​ខ្លួន​ដទៃ ក្នុងអំឡុងពេល​ពី ខែមករា ២០២០ ដល់​ខែ វិច្ឆិកា ២០២១៕

Advertisement