តួលេខ​នៃ​ការស្លាប់​ដោយសារ​វីរុស​ COVID-19 នាបច្ចុប្បន្ន និង H1N1 កាលពី​ឆ្នាំ 1918 នៅ សហរដ្ឋ​អាម៉េរិក

ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយសារ​វីរុស COVID-19 នៅ សហរដ្ឋ​អាម៉េរិក បាន​កើន​លើសពី 675,000 នាក់ ដែលជា​តួលេខ​អ្នកស្លាប់​ដោយសារ​វីរុស H1N1 នៅ​ប្រទេស​នេះ ក្នុង​សោកនាដកម្ម​ដែល​បង្កឡើង​ដោយ​រោគរាតត្បាត​សកល កាលពី​ឆ្នាំ 1918។

ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី 17 កញ្ញា សហរដ្ឋ​អាម៉េរិក មាន​អ្នកស្លាប់​ចំនួន 675,722 នាក់​ដោយសារ​ឆ្លង COVID-19។ ក្រោយពី​បានសម្លាប់​មនុស្ស​ជាង 675,000 នាក់​នៅ សហរដ្ឋ​អាម៉េរិក កាលពី​ឆ្នាំ 1918 វីរុស H1N1 ក៏បាន​បំប្លែង​ខ្លួន​ទៅជា​វីរុស​ផ្ដាសាយ​តាម​រដូវ ដែល​បច្ចុប្បន្ន​គេ​ហៅថា A H1N1 និង​បង្ក​ផលប៉ះពាល់​តិចតួច។

តួលេខ​នៃ​ការស្លាប់​ខាងលើ​បាន​កើតឡើង​នៅពេល សហរដ្ឋ​អាម៉េរិក កំពុង​ប្រឈម​នឹង​រលក​នៃ​ការ​រាតត្បាត​ថ្មី​ដែល​ទាក់ទិន​នឹង​វ៉ា​រ្យ៉​ង់ Delta ក្នុងនោះ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បាន​តិច​គឺជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​មាន​ករណី​ស្លាប់​ច្រើន។

រោគ​រាតត្បាត​សកល​ H1N1 កាលពី​ឆ្នាំ​ 1918

រោគរាតត្បាត​សកល​កាលពី​ឆ្នាំ 1918 បាន​បណ្ដាលឱ្យ​មនុស្ស​ប្រហែល 50 លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ស្លាប់ ចន្លោះ​ឆ្នាំ 1918-1920 ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នាបច្ចុប្បន្ន ដែលមាន​ត្រឹម​ជាង 4.7 លាន​នាក់។

តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 នៅ សហរដ្ឋ​អាម៉េរិក មាន​ប្រហែល 14% ធៀប​នឹង​តួលេខ​សរុប​របស់​ពិភពលោក ខណៈដែល​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះ​មាន​ត្រឹមតែ 5%។ ចំនួន​ប្រជាជន​របស់ អាម៉េរិក កាលពី​ឆ្នាំ 1918 មាន​មិន​ដល់ 1/3 ធៀប​នឹង​បច្ចុប្បន្ន ដូច្នេះ ចំនួន​អ្នកស្លាប់​នៅក្នុង​វិបត្តិ​រោគរាតត្បាត​សកល​នៅ​ដើម​សតវត្សរ៍​ទី 20 គឺ ប្រហាក់ប្រហែល​នឹង​អ្នកស្លាប់ 2.2 លាន​នាក់​នាបច្ចុប្បន្ន។

មិន​ដូច​ទៅនឹង COVID-19 ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​ក្មេង​តូច និង​មនុស្ស​ចាស់ H1N1 ឆ្នាំ 1918 បានសម្លាប់​មនុស្ស​វ័យ​ក្មេង​ក្នុង​អត្រា​ខ្ពស់។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង (CDC) របស់ អាម៉េរិក ឱ្យដឹងថា ការដែល​មិនមាន​ថ្នាំ និង​វ៉ាក់សាំង បានធ្វើឱ្យ​ការប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​កាលពី​ឆ្នាំ 1918 ត្រូវ​ជួប​បញ្ហា​ធំ។

រោគ​រាត​ត្បាតសកល​​ COVID-19

បច្ចុប្បន្ន វ៉ាក់សាំង COVID-19 ជាច្រើន​ប្រភេទ​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ត្រូវបាន​គេ​អភិវឌ្ឍ និង​ពិសោធ​ដោយ​ប្រើពេល​ខ្លី​បំផុត។ ប៉ុន្តែ មនុស្សពេញវ័យ​ប្រហែល 24% នៅ សហរដ្ឋ​អាម៉េរិក ដែល​ជិត​ស្មើនឹង 60 លាន​នាក់ នៅតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ណាមួយ​នៅឡើយ។ ក្រុម​អ្នកជំនាញ​យល់ថា មូល​ហេតុដែល​នាំឱ្យមាន​ការរារែក​ក្នុងការ​ទទួល​ការចាក់​វ៉ាក់សាំង​គឺ​មកពី​វិបត្តិ​នៃ​ការយល់ដឹង និង​ព័ត៌មាន​មិន​ពិត។

ក្រៅពី​វ៉ាក់សាំង បណ្ដា​វិធីសាស្ត្រ​ព្យាបាល COVID-19 ផ្សេងទៀត ត្រូវបាន​អភិវឌ្ឍ ក្នុងនោះ​មានដូចជា ការប្រើ​អង្គ​បដិបក្ខ Monoclonal, ម៉ាស៊ីន​ជំនួយ​ដង្ហើម​ទាន់សម័យ និង​ក្រុម​ថ្នាំ​ប្រឆាំង​បញ្ហា​រលាក corticoid ដើម្បី​កាត់បន្ថយ​ការ​ប្រតិកម្ម​ខ្លាំងក្លា​នៃ​ប្រព័ន្ធ​ភាពស៊ាំ ចំពោះ​អ្នកជំងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ៕

Advertisement