កាលពីថ្ងៃទី ២២ មីនា ក្រុមហ៊ុនផលិតឱសថអាម៉េរិក Pfizer ប្រកាសថា ពួកគេប្រមូលថ្នាំព្យាបាលជំងឺសម្ពាធឈាមខ្ពស់ Accuretic និងកំណែតម្លៃទាប ២ ប្រភេទទៀតរបស់ថ្នាំនេះ បានមួយចំនួនហើយ។
ការសម្រេចប្រមូលមកវិញខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរគ្រប់គ្រងឱសថ បានរកឃើញថា ថ្នាំទាំងនេះមានសារធាតុ nitrosamine ក្នុងបរិមាណខ្ពស់។ Nitrosamine គឺជាសារធាតុដែលអាចបង្កឱ្យកើតមានជំងឺមហារីក។ ក្រុមមន្ត្រីបានណែនាំឱ្យអ្នកដែលកំពុងប្រើប្រាស់ថ្នាំសម្ពាធឈាម Accuretic សម្រាប់ទប់ស្កាត់ហានិភ័យដាច់សរសៃឈាមខួរក្បាល និងឈឺបេះដូង គួរតែស្វែងរកថ្នាំប្រភេទផ្សេងមកជំនួស។
ជាក់ស្ដែង ថ្នាំ Accuretic និងកំណែចំនួន ២ ផ្សេងទៀតរបស់ប្រភេទថ្នាំនេះ (quinapril HCI/hydrochlothiazide) ត្រូវបានរកឃើញថា មានសារធាតុ N-nitroso-quinapril ក្នុងបរិមាណច្រើនជាងកម្រិតដែលត្រូវបានអនុញ្ញាតដោយស្ថាប័នគ្រប់គ្រងឱសថ។ Pfizer ក៏បានផ្ដល់ព័ត៌មានដែលអាចកំណត់បាននូវឡូត៍ថ្នាំដែលមានផ្ទុកសារធាតុខាងលើនេះផងដែរ។
Pfizer ដែលជាក្រុមហ៊ុនផលិតឱសថខ្នាតយក្ស មានតម្លៃរាប់ពាន់លានដុល្លារអាម៉េរិក និងមានទីស្នាក់ការកណ្ដាលនៅ សហរដ្ឋអាម៉េរិក ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនលំដាប់កំពូល តាមរយៈវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី mRNA៕