អ៊ីស្រាអែល ថា វ៉ាក់សាំង​កូ​វីដ-១៩ របស់ Pfizer-BioNTech មិន​ប៉ះពាល់​ដល់​ស្ត្រី​ពពោះ

ប្រភពព័ត៌មាន​ពី ទីក្រុង​តែ​ល​អា​វីវ (Tel Aviv) បានឱ្យដឹងថា លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល ប្រកាស​កាលពី​ថ្ងៃទី ១០ កុម្ភៈ បង្ហាញថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech មិន​ជាប់ទាក់ទង​នឹង​ផលវិបាក​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ដូចជា កូន​កើតមុន​ខែ ការស្លាប់​របស់​ទារក​ទើប​កើត ឬ​ពិការភាព​ពី​កំណើត​ជាដើម។

ការស្រាវជ្រាវ​នេះ ត្រូវបាន​ធ្វើឡើង​ដោយយោង​ទៅតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព Maccabi នៅ អ៊ីស្រាអែល។ ក្រុម​ស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​ស្ត្រី​ជាង ១៧,០០០ នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer-BioNTech ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ចាប់ពី​ខែមីនា ដល់​តុលា ២០២១ និង​ស្ត្រី​ពពោះ​ចំនួន ៧,០០០ នាក់ ដែល​មិនបាន​ចាក់​វ៉ាក់សាំង។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​បង្ហាញថា បណ្ដា​បញ្ហា​ដែល​បាន​កើតឡើង​នៅលើ​ទារក​ទើប​កើត ដូចដែល​បាន​និយាយ​ខាងដើម សុទ្ធតែ​មិនមាន​ភាពខុសគ្នា​រវាង​ក្រុម​ទាំងពីរ​រវាង​ក្រុម​បាន​ចាក់​វ៉ាក់សាំង និង​ក្រុម​មិនបាន​ចាក់។ ក្នុងនោះ អត្រា​ការស្លាប់​របស់​ទារក​ទើប​កើត​នៃ​ក្រុម​ទាំងពីរ គឺ ០.១%, អត្រា​កើតមុន​ខែ​គឺ ៤.២% ចំពោះ​ទារក​ដែលមាន​ម្ដាយ​បាន​ចាក់​វ៉ាក់សាំង និង ៤.៨% ចំពោះ​ទារក​ដែលមាន​ម្ដាយ​មិនបាន​ចាក់​វ៉ាក់សាំង, អត្រា​ពិការ​ស្មើនឹង ១.៥% នៅលើ​ក្រុម​បាន​ចាក់​វ៉ាក់សាំង និង ២.១% នៅលើ​ក្រុម​មិនបាន​ចាក់ ខណៈដែល​អត្រា​ទារក​ទើប​កើត​ដែល​ត្រូវ​ព្យាបាល​គឺ​ស្មើនឹង ៥.១% និង ៥.៣%។

ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​លទ្ធផល​ប្រហាក់ប្រហែល​ខាងលើ ចំពោះ​ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ក្នុងអំឡុង ៣ ខែ​ដំបូង​នៃ​វដ្ដ​របស់​គ​ភ៍ ជា​ពេលដែល​ត្រូវបាន​គេ​ចាត់ទុកថា ងាយ​បង្ក​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នក​​ជំនាញ​ អ៊ីស្រាអែល នេះ​ ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី​ផ្នែក​ជំងឺ​កុមារ JAMA។

វ៉ាក់សាំង Pfizer-BioNTech ក្នុងដំណាក់កាល​ពិសោធន៍​សាកល្បង ក្រុមហ៊ុន​មិនបាន​ពិសោធ​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ។ ក៏ប៉ុន្តែ អ៊ីស្រាអែល បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​សម្រាប់​ស្ត្រី​កំពុងមាន​គ​ភ៍​ផងដែរ។ ក្រោយមក បណ្ដា​អង្គការ​សុខភាព និង​ប្រទេសផ្សេងៗ ក៏បាន​ណែនាំ​ឱ្យធ្វើ​ដូចគ្នានេះដែរ។

នៅ អ៊ីស្រាអែល គិត​មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​ជិត ៦.៩ លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ៩.៥ លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ យ៉ាងតិច ១ ដុស, ៦.១១ លាន​នាក់ បាន​ចាក់​ដូ​ស​ទី ២ និង ៤.៤៥ លាន​នាក់ បាន​ចាក់​ដូ​ស​ទី ។ ស្ទើរតែ​ទាំងអស់ នៃ វ៉ាក់សាំង​កូ​វីដ-១៩ ដែល អ៊ីស្រាអែល បាន​ប្រើប្រាស់ គឺជា​វ៉ាក់សាំង​របស់ Pfizer-BioNTech៕

Advertisement