ឥណ្ឌូណេស៊ី នឹង​ប្រើប្រាស់ វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែល​ផលិត​ក្នុងស្រុក

ប្រភពព័ត៌មាន​ពី រដ្ឋធានី​ហ្សា​ការ​តា កាលពី​ថ្ងៃទី ៩ កុម្ភៈ បានឱ្យដឹងថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី លោក ប៊ូ​ឌី ហ្គា​ណា​ឌី សា​ឌី​គីន (Budi Gunadi Sadikin) បញ្ជាក់ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ Merah Putih ដែល​អភិវឌ្ឍ​ដោយ​ប្រទេស​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ដូ​ស​ជំរុញ និង​សម្រាប់​កុមារ​អាយុ​ពី ៣ ដល់ ៦ ឆ្នាំ។

ថ្លែង​ក្នុង​ពិធី​បើក​ដំណើរការ​ពិសោធ​វ៉ាក់សាំង Merah Putih នៅលើ​មនុស្ស នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង ខេត្ត​ជ្វា (ចា​វ៉ា/Java) ខាងកើត លោក​រដ្ឋមន្ត្រី ប៊ូ​ឌី ឱ្យដឹងថា បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ជាច្រើន​ប្រភេទ​ដែល​អាច​ប្រើប្រាស់​សម្រាប់​ក្មេង​តូច ក្រៅពី Sinovac និង Pfizer។

លោក Budi បញ្ជាក់ថា រដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង Merah Putih ដល់​ប្រទេស​មួយចំនួន ក្នុងនោះ​មាន​បណ្ដា​ប្រទេស​នៅ ទ្វីបអាហ្វ្រិក ផងដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូឌី ហ្គាណាឌី សាឌីគីន (Budi Gunadi Sadikin)

យោងតាម​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី ការចែករំលែក​វ៉ាក់សាំង​នៅ ទ្វីបអាហ្វ្រិក កំពុងមាន​ល្បឿន​យឺត ក្នុងនោះ វ៉ាក់សាំង​មួយចំនួន ដូចជា Moderna និង Pfizer ជាដើម ត្រូវការ​ការដឹកជញ្ជូន និង​ការ​រក្សាទុក​យ៉ាង​ស្មុគស្មាញ ដោយសារតែ​វា​ត្រូវការ​ស្ថិតក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ចាប់ពី -២៥ ដល់ -២៨ អង្សា​សេ៕

Advertisement