WHO ព្រួយបារម្ភ​អំពី កូ​វីដ-១៩ ប្រភេទ​ថ្មី នាពេល​អនាគត ដែល​អាច​ឆ្លង​រាលដាល​លឿន​ជាង អូ​មី​ក្រុង

ប្រធានកម្មវិធីបន្ទាន់របស់ WHO លោក Mike Ryan (ឆ្វេង) និងប្រធាន WHO លោក Tedros Adhanom Ghebreyesus

អង្គការ​សុខភាព​ពិភពលោក (WHO) ឱ្យដឹងថា វ៉ា​រ្យ៉​ង់ បន្ទាប់​របស់ កូ​វីដ-១៩ អាច​ឆ្លង​រាលដាល​លឿន​ជាង អូ​មី​ក្រុង ប៉ុន្តែ មិនទាន់​ដឹងថា វា​នឹង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ជាង​ប្រភេទ​បច្ចុប្បន្ន ឬ​យ៉ាងណា​នៅឡើយ។

«យើង​មានការ​ព្រួយបារម្ភ​ចំពោះ វ៉ា​រ្យ៉​ង់ បន្ទាប់ ដែល​អាច​ងាយ​ឆ្លង​ជាង ព្រោះតែ​វា​ត្រូវ​ឆ្លងកាត់​បណ្ដា វ៉ា​រ្យ៉​ង់ ដែល​កំពុងមាន​បច្ចុប្បន្ន។ សំណួរ​ធំ​បំផុត​នោះ​គឺថា តើ វ៉ា​រ្យ៉​ង់ ក្នុង​អនាគត​អាច​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ដែរ ឬទេ» Maria Van Kerkhove ប្រធាន​ក្រុមបច្ចេកទេស​របស់ WHO លើកឡើង​ដូច្នេះ​កាលពី​ថ្ងៃទី ២៥ មករា។

អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ប្រហែល ២១ លាន​ករណី នៅ​ទូទាំង​ពិភពលោក ត្រូវបាន​រាយការណ៍​ដ​ល់ WHO កាលពី​សប្ដាហ៍​មុន ដែល​តួលេខ​នេះ​កើនឡើង​ខ្ពស់បំផុត​នៅក្នុង​របាយការណ៍​ប្រចាំ​សប្ដាហ៍​កាលពីពេល​កន្លង ដោយសារតែ អូ​មី​ក្រុង។

អូ​មី​ក្រុង ទំនងជា​មិន​សាហាវ​ជាង​បណ្ដា វ៉ា​រ្យ៉​ង់ មុនៗ ប៉ុន្តែ ការឆ្លង​រាលដាល​លឿន​របស់​វា នាំឱ្យ​ប្រព័ន្ធ​សុខាភិបាល​ត្រូវ​រង​សម្ពាធ​ធ្ងន់។

លោក​ស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសរបស់ WHO

Kerkhove បាន​ព្រមាន​ថា គ្រប់គ្នា​មិនគួរ​ជឿជាក់​ទាំងស្រុង​ទៅលើ​សម្មតិកម្ម​ដែលថា វីរុស​នឹង​បន្ត​វិ​វត្ត​ទៅជា ប្រភេទ​ខ្សោយ​ជាង​បច្ចុប្បន្ន និង​មិន​បង្ក​អាការ​ធ្ងន់ធ្ងរ​ជាង​បច្ចុប្បន្ន​នោះឡើយ។

ចំណែក​ប្រធាន​កម្មវិធី​បន្ទាន់​របស់ WHO វិញ ឱ្យដឹងថា វីរុស​នឹង​បន្ត​រីកចម្រើន​មុនពេល​ស្ងប់ស្ងាត់។ លោក​សង្ឃឹមថា វីរុស​នឹង​វិ​វត្ត​ទៅជា​ខ្សោយ ដោយ​ការឆ្លង​រាលដាល​អាច​នឹងមាន​ល្បឿន​យឺត​មកវិញ ហើយ​អាច​ក្លាយជា​វីរុស​ដែល​ឆ្លងតាម​រដូវ ឬ​អាច​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ។

ក៏ប៉ុន្តែ បញ្ហា កូ​វីដ-១៩ គឺ​មិនអាច​ស្មាន​បានឡើយ។ ជាក់ស្ដែង វីរុស​បាន​នាំមក​នូវ​ការ​ភ្ជា​ក់​ផ្អើល​ជាច្រើន​ដែល​បង្ក​ការលំបាក​ដល់​មនុស្ស។ នេះ​បើតាម​វេជ្ជបណ្ឌិត Mike Ryan៕

Advertisement