Covid-19៖ អ្ន​ក​ផ្ទុក​មេរោគ​កូរ៉ូណា​ប៉ុន្តែមិន​មាន​រោគ​សញ្ញា អាច​ធ្វើ​ឱ្យ​តួលេខ​ពិត​នៃ​អ្នក​ជំងឺ​ កើន​ឡើង​ច្រើន​ជាង​ការ​រំពឹង​ទុក​

ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា ចំនួន​អ្នក​កំពុង​ផ្ទុក​មេរោគ​កូរ៉ូណា​ Covid-19 អាច​នឹង​មាន​ច្រើន​ជាង​តួ​លេខ​ដែល​បាន​កត់​ត្រា​ ព្រោះ​ថា​ មាន​ករណី​ជា​ច្រើន​ អ្នក​ជំងឺ​ពុំ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​នោះ​ទេ ហើយ​ពួកគេ​ក៏​មិន​បាន​ទទួល​ការ​ពិនិត្យ និង​ព្យា​បាល​ ដូច្នេះ អ្នក​ជំងឺ​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី​នៃ​អ្នក​ជំងឺ​កូរ៉ូណានៅ​ឡើយ​។

នៅ​ឯតំបន់ Anyang ប្រទេស​ចិន សមាជិក​5នាក់​របស់​គ្រួ​សារ​មួយ​ ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ Covid-19 ក្រោយ​ពី​បាន​ទទួល​ភ្ញៀវ​ម្នាក់​មក​ពី​ទី​ក្រុង​ Wuhan កាល​ពី​ដើម​ខែ​មករា​។ ប៉ុន្តែ ភ្ញៀវ​ដែល​មាន​អាយុ​20ឆ្នាំ​រូប​នោះ មិន​មាន​រោគសញ្ញា​អ្វី​ទាំង​អស់​ទាក់​ទិន​នឹង​ជំងឺកូរ៉ូណា​ Covid-19។

ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញថា អ្នក​ផ្ទុក​មេរោគ​ Covid-19 អាច​ចម្លង​មេរោគ​នេះ​ទៅ​កាន់​អ្នក​ដទៃ​ សូម្បី​តែ​នៅ​ពេល​ពួក​គេ​មិន​មាន​រោគ​សញ្ញា​នៃ​ជំងឺ​នេះ។

អ្នក​ផ្ទុក​មេរោគ​ក្នុង​ខ្លួន​ ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​ គឺជា​ករណី​ដែល​កើត​មាន​ច្រើន​។​ ប៉ុន្តែ Covid-19 គឺជា​មេរោគ​ឆ្លង​ប្រភេទ​ថ្មី ហើយ​ការ​ដែល​អ្នក​ជំងឺ​កូរ៉ូណា​មិន​មាន​រោគ​សញ្ញា​អ្វី​សោះបែប​នេះ ធ្វើ​ឱ្យ​ការ​ប្រឹង​ប្រែងក្នុង​ការ​ស្វែង​រក​មេរោគ​កូរ៉ូណា កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ​ជាង​មុន​​ ហើយ​ការ​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​ក៏​ជួប​បញ្ហា​ច្រើន​ផងដែរ។

លោក​វេជ្ជបណ្ឌិត​ Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ឆ្លង​ និងជំងឺអាឡែរ​ហ្សី​សហ​រដ្ឋ​អាអាមេរិក​ថ្លែង​ថា៖ “ខ្ញុំ​គិត​ថា​ ពេល​នេះ យើង​លែង​សង្ស័យ​អំពីការ​ដែល​អ្នក​ណា​ម្នាក់​អាច​ចម្លង​មេរោគ​កូរ៉ូណា​ទៅ​ឱ្យ​អ្នក​ដទៃ​ បើ​ទោះ​ពួក​គេ​គ្មាន​រោគ​សញ្ញា”។

លោក​បណ្ឌិត​បន្ត​ថា នៅ​ពេល​ដែល​អ្ន​ក​មាន​ផ្ទុក​វីរុស​ប៉ុន្តែ​មិន​មាន​​រោគ​សញ្ញា​​ក្លាយ​ជា​កត្តា​សំខាន់​ក្នុង​ការ​ចម្លងមេរោគ​នោះ​ការ​ធ្វើ​តេស្ត​រក​មេរោគ​ក៏នឹង​ត្រូវ​ទទួល​បន្ទុក​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាង​បច្ចុប្បន្ន​។

បច្ចុប្បន្ន មជ្ឈមណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​ឆ្លង​សហ​រដ្ឋ​អាមេរិក បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​តែ​មនុស្ស​ណា​ដែល​មាន​រោគ​សញ្ញា និង​ធ្លាប់​ទៅ​កាន់​ប្រទេស​ចិន​ថ្មី​ៗ​នេះ ឬ​មួយ​អ្នក​ដែល​ធ្លាប់​នៅ​ក្បែរ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ ក្រុម​មន្ត្រី​សុខា​ភិបាល​យល់ថា ការ​កំណត់​​ ឬ​លក្ខណនេះ​អាច​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​។

វេជ្ជ​បណ្ឌិត​ Michael Osterholm អគ្គនាយក​មជ្ឈ​មណ្ឌល​គោល​នយោបាយ​ និង​សិក្សា​ស្រាវ​ជ្រាវ​រោគ​ឆ្លង​នៃ​មហា​វិទ្យា​ល័យ​ Minnesota បាន​ឱ្យ​ដឹង​ថា “យើង​ប្រហែលជា​បាន​រំលង​ចោល​អ្នក​ជំងឺ​ជា​ច្រើន​ដែល​មិន​ស្ថិត​នៅ​ក្នុង​លក្ខណ​ខាង​លើ​”។

អ្នក​ដែល​មាន​ផ្ទុក​មេរោគ​ ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​ ពិត​ជា​មានឱកាស​ច្រើន​ក្នុង​ចម្លង​មេរោគ​​ទៅ​អ្នក​ផ្សេង​។ ពួកគេ​មាន​សុខ​ភាព​ល្អក្នុង​ដំណាក់​កាល​ដំបូង និង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​កន្លែង​ផ្សេង​ៗ និង​ជួប​មនុស្ស​ជា​ច្រើន​។ អ្នក​ជំងឺ​បែប​នេះ មិន​មាន​មូល​ហេតុ​ណា​ដែល​នាំ​ឱ្យ​ពួកគេ​មិន​ហ៊ាន​នៅ​ក្បែរ​ហ្វូង​មនុស្ស ចាប់​ដៃ​គ្នា ឬ​ឱប​ថើប​គ្នា​នោះ​ទេ​។​ ពួក​គេ​មិន​ដឹង​ថា ខ្លួន​ឯងមាន​ជំងឺ​ ហើយ​ក៏​មិន​មាន​អ្នក​ណាម្នាក់​​ដឹង​ថា គេ​នោះមាន​ជំងឺ​កូរ៉ូណា​នោះ​ដែរ​។

អ្នក​ជំងឺ​ដូច​ខាង​លើ ពិត​ជា​បង្ក​ការ​លំបាក​ដល់​​ការ​ស្វែង​រក​អ្នក​ជំងឺ​ ប្រការ​បាន​បង្ហាញ​ថា លក្ខណ ឬ​គោល​ការណ៍​នៃ​ការ​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគនា​បច្ចុប្បន្ន​ គឺ​មិន​ទាន់​គ្រប់​គ្រាន់​។

នៅ​ក្នុង​ខែ​នេះ អាល្លឺម៉ង់ បាន​ជម្លៀស​ពល​រដ្ឋ​126​នាក់​មក​ពី​ទីក្រុង​ Wuhan ដែល​ជាសម្បុក​មេរោគ​កូរ៉ណា​ដ៏​ធំនៅ​ប្រទេស​ចិន​។ ក្នុង​ចំណោមមនុស្ស​ចំនួន​​126នាក់ មាន​10នាក់​ត្រូវ​បាន​បង្ខាំង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​មាន​សុខ​ភាព​មិន​ល្អ និង​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ​។ ប៉ុន្តែ ពួកគេ​ទាំង​អស់​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​។

លទ្ធ​ផល​នៃ​ការ​ពិនិត្យ​សុខ​ភាព​បាន​បង្ហាញ​ថា មនុស្ស​ទាំង​10​នាក់​ដែល​បាន​បង្ខាំង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ មិន​មាន​មេរោគ​កូរូណា​នោះ​ទេ​ ក្នុង​ពេល​ដែល​មនុស្ស​2នាក់​ផ្សេង​ទៀត​ដែល​មាន​សុខ​ភាព​ល្អ បែរ​ជា​មាន​ផ្ទុក​មេរោគ​ទៅ​វិញ​។

គិត​មក​ដល់​ពេល​នេះ​(29កុម្ភៈ) នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ Covid-19 ​ចំនួន​​ជាង​85,176​នាក់​ ប៉ុន្តែ អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ អាច​មាន​ច្រើន​ជាង​នេះ ដោយ​សារ​តែ​ប្រទេស​មួយ​ចំនួន​មិន​បាន​ធ្វើ​តេស្ត​ផ្ទាល់​ទៅ​លើ​មនុស្ស​ ដោយ​គ្រាន់​តែ​វាស់​កម្ដៅ​ខ្លួន ឬ​មិន​មាន​ធនធាន​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​តេស្ត​។

អ្នក​ជំនាញផ្នែក​សុខា​ភិបាល​ជា​ច្រើន​មាន​​ការ​ព្រួយ​បារម្ភ​ថា ការ​ឆ្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ដែល​មិន​មាន​រោគ​សញ្ញា​ ប្រហែល​ជា​កំពុង​កើត​មាន​នៅ​តាម​ទីសាធារណៈ​នៅ​អាមេរិក​។​ ប្រការ​នេះ​ក៏នឹង​កើត​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ផងដែរផ្សេង​ៗ​ទៀត​ផងដែរ​​។

យោង​តាម​វេជ្ជ​បណ្ឌិត Sandra Ciesek មក​ពី​វិទ្យា​ស្ថាន​វីរុសសាស្ត្រ​នៃ​សកល​វិទ្យា​ល័យ​ Frandfurt បញ្ហា​នៅ​ទី​នេះ​គឺ “ធម្មតា​ យើង​មិន​ធ្វើ​តេស្ត​ទៅលើ​អ្នក​ដែល​មាន​សុខ​ភាព​ល្អ មិន​មាន​រោគ​សញ្ញា​ ព្រោះថា​ការ​ធ្វើ​តេស្ត​គឺវា​មាន​តម្លៃ​ខ្ពស់ខ្លាំង​ណាស់”។ នេះបើ​តាម​ New York Times។

អ្នក​ស្រី​វេជ្ជ​បណ្ឌិត​បន្ថែម​ថា “ប្រការ​នេះ​បង្ហាញថា យើង​អាច​មាន​អ្នក​ជំងឺ​កូរ៉ូណា​នៅ​ទូទាំង​ពិភពលោក​ ច្រើន​ជាង​ការ​រំពឹង​ទុក​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement