សហភាព​អឺរ៉ុប៖ ចាក់​វ៉ាក់សាំង​បង្ការ កូ​វីដ-១៩ ដូ​ស​ជំរុញ​ច្រើនដង អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ

អាជ្ញាធរ​គ្រប់គ្រង​ឱសថ​របស់ សហភាព​អឺរ៉ុប បាន​ព្រមាន​ថា ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ រំលឹក​ឡើងវិញ ៤ ខែ/ម្ដង អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ។

បណ្ដា​ប្រទេស​គួរតែ​បង្កើន​រយៈពេល​នៃ​គ​ន្លាត​រវាង​យុទ្ធនា​ការចាក់​ដូ​ស​ជំរុញ ហើយ​ភ្ជាប់​វា​ទៅនឹង​រដូវរងា ដូច​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ។ ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ រំលឹក​ឡើងវិញ ៤ ខែ/ម្ដង អាចធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ បណ្ដាលឱ្យ​អ្នក​ដែល​បានទទួល​ការចាក់​អស់កម្លាំង។ នេះ​បើតាម​អាជ្ញាធរ​គ្រប់គ្រង​ឱសថ​អឺរ៉ុប (EMA) នៃ សហភាព​អឺរ៉ុប (EU) ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី ១១ មករា។

Marco Cavaleri មេដឹកនាំ​ស្ថាប័ន​គ្រប់គ្រង​ហានិភ័យ​គំរាម​ដល់​សុខភាព និង​យុទ្ធសាស្ត្រ​វ៉ាក់សាំង​របស់ EMA បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថា៖ «អាច​ចាក់​ដូ​ស​ជំរុញ ១ ឬ ២ ដង ប៉ុន្តែ នោះ​មិនមែនជា​ប្រការ​ដែល​យើង​យល់ថា គួរតែ​ធ្វើជា​ញឹកញាប់​ឡើយ»។

អនុសាសន៍​របស់ EMA ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​ប្រទេសមួយ​ចំនួន​បាន និង​កំពុង​ចាក់ ឬ​កំពុង​ពិចារណា​អំពី​ការចាក់​ដូ​ស​ជំរុញ​ទី ២ ដើម្បី​ទប់ទល់​នឹង អូ​មី​ក្រុង។

អ៊ីស្រាអែល កាលពីដើម​ខែមករា បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី ២ សម្រាប់​ពលរដ្ឋ​វ័យ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ។ កម្ពុជា ក៏បាន​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​ដូ​ស​វ៉ាក់សាំង​ដូ​ស​ទី ៤ កាលពីពេលថ្មីៗនេះ។ ចំណែក អង់គ្លេស វិញ ឱ្យដឹងថា ដូ​ស​ជំរុញ​ទី ១ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មិនទាន់​ត្រូវ​ការដូ​ស​ជំរុញ​ទី ២ ប៉ុន្តែ នឹងធ្វើ​ការពិនិត្យ​នៅពេល​មាន​ទិន្នន័យ​បន្ថែម។

EMA ឱ្យដឹងថា ថ្នាំ​ប្រឆាំង វីរុស ប្រភេទ​គ្រាប់​សម្រាប់​លេប និង​ថ្នាំ​សម្រាប់​ចាក់ ដូចជា Paxlovid និង Remdesivir ជាដើម រក្សា​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង អូ​មី​ក្រុង។

អាជ្ញាធរ​គ្រប់គ្រង​ឱសថ​អឺរ៉ុប ក៏បាន​បង្ហើប​ឱ្យដឹងថា ខែមេសា គឺជា​ពេលវេលា​ឆាប់​បំផុត​ដែល​ពួកគេ​អាច​ផ្ដល់​ការ​អនុ​ញាត់​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ថ្មី​មួយ​ដែល​សំដៅលើ​ការទប់ស្កាត់ វ៉ា​រ្យ៉​ង់ ជាក់លាក់​របស់ កូ​វីដ-១៩៕

Advertisement