អង់គ្លេស៖ មនុស្ស 23នាក់បានស្លាប់ដោយសារបញ្ហាកកឈាម ក្រោយការចាក់វ៉ាក់សាំង AstraZeneca

ក្រុមមន្ត្រី​អង់គ្លេស​បានឱ្យដឹងថា ប្រទេស​នេះ​បាន​រកឃើញ​ករណី​ស្លាប់​ចំនួន 32នាក់ នៅក្នុង​ចំណោម​ករណី​កកឈាម​ដ៏​កម្រ ចំនួន 168នាក់ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca។

នាយកដ្ឋាន​គ្រប់គ្រង​ឱសថ និង​ផលិតផល​ថែរក្សា​សុខភាព​របស់​អង់គ្លេស (MHRA) បាន​រាយការណ៍​ថា ក្នុងចំណោម​ពលរដ្ឋ 21.2លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ទីមួយ គិត​មកដល់​ថ្ងៃទី14 ខែមេសា ឆ្នាំ2021 មនុស្ស​ចំនួន 168នាក់​ត្រូវបាន​រកឃើញថា មាន​ឈាមកក​ក្នុង​រាងកាយ ក្នុងនោះ​ក៏មាន 32នាក់​បាន​ស្លាប់។

បច្ចុប្បន្ន តួលេខ​ស្ដីអំពី​បញ្ហា​កកឈាម និង​ស្លាប់ ដែល​ទាក់ទិន​នឹង​វ៉ាក់សាំង AstraZeneca បាន​កើន​បន្តបន្ទាប់​​គឺ 68 និង 10ករណី បើ​ធៀប​នឹង​ទិន្នន័យ​ដែល​ត្រូវបាន​ស្រង់​កាលពី​ថ្ងៃទី5 ខែមេសា។

MHRA បាន​បញ្ជាក់ថា៖ «យោងតាម​ការវាយតម្លៃ​ជា​បន្តបន្ទាប់​នេះ ការផ្ដល់​យោបល់​នោះ​គឺថា «ផលប្រយោជន៍​របស់​វ៉ាក់សាំង​នេះ នៅតែ​ធំ​ជាង​ហានិភ័យ​របស់​វា សម្រាប់​ពលរដ្ឋ​ភាគច្រើន»។

នៅ​តំបន់​អឺរ៉ុប ប្រទេស​ជាច្រើន​បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Johnson & Johnson ឡើងវិញ បន្ទាប់​ពី​​ស្ថាប័ន​គ្រប់គ្រង​ឱសថ​របស់​សហភាព​នេះ គាំទ្រ​ដល់​វ៉ាក់សាំង​ប្រភេទ​មួយ​ដូ​ស​នេះ។

ក្រោយពី​បាន​ស្រាវជ្រាវ​លើ​ករណី​កកឈាម​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង គណៈកម្មការ​សុវត្ថិភាព​របស់​ស្ថាប័ន​គ្រប់គ្រង​ឱសថ​អឺរ៉ុប (EMA) កាលពី​ថ្ងៃទី20 ខែមេសា បានសម្រេច​ថា «ការព្រមាន​អំពី​បញ្ហា​កកឈាម​ខុសធម្មតា និង​បរិមាណ​ប្លា​កែ​ត​ក្នុង​ឈាមមាន​កម្រិត​ទាប គួរតែ​ត្រូវបាន​បន្ថែម​ទៅក្នុង​ព័ត៌មាន​នៃ​ផលិតផល» របស់​វ៉ាក់សាំង Johnson & Johnson។ EMA យល់ថា គួរតែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson ព្រោះថា វា​មាន​ផលប្រយោជន៍​ច្រើនជាង​ផលវិបាក។

ពិភពលោក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 145,315,026នាក់ ក្នុងនោះ​មាន 3,084,441​នាក់​​បាន​ស្លាប់, 123,302,909នាក់​បានជា​សះស្បើយ និង 18,927,676នាក់​កំពុង​ព្យាបាល។ នេះ​បើតាម​គេហទំព័រ Worldometers៕

ប្រភព​៖ AFP, CNN
ប្រែសម្រួល​៖ បុត្រា

Advertisement