អាហ្វ្រិក​ខាងត្បូង ប្រកាសថា បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​នៃ​ការ​រាតត្បាត​របស់ អូ​មី​ក្រុង!

ប្រទេស អាហ្វ្រិក​ខាងត្បូង បានប្រកាសថា បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​នៃ​ការឆ្លង​រាលដាល​របស់ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ហើយក៏​បាន​ដក​បម្រាម​គោចរ​ពេលយប់ និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយចំនួន​លើ​ការដើរ​ហើរ។

រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ៣០ ធ្នូ បានប្រកាស​ឱ្យដឹងថា ទិន្នន័យ​សុខាភិបាល​បង្ហាញថា ប្រទេស​នេះ​បាន​ឆ្លង​ផុត​ចំណុចកំពូល​នៃ​ការឆ្លង​រាលដាល​ដោយសារ អូ​មី​ក្រុង ព្រោះ​ពុំមាន​ការកើនឡើង​ខ្ពស់​ខ្លាំង​នៃ​តួលេខ​អ្នកស្លាប់។

«ល្បឿន​នៃ​ការឆ្លង​រាលដាល​ទី ៤ ដែល​បង្កឡើង​ដោយ អូ​មី​ក្រុង បាន​កើន​ឡើងដល់​ចំណុចកំពូល ហើយ​ក្រោយមក​ក៏បាន​ថយចុះ​គួរឱ្យភ្ញាក់ផ្អើល» វេជ្ជបណ្ឌិត Fareed Abdullah មកពី​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជ​សា្ត​ស្ត្រា​របស់ អាហ្វ្រិក​ខាងត្បូង បានឱ្យដឹង​ដូច្នេះ។ លោក​បន្ថែមថា៖ «ដំណាក់កាល​កំពូល​បាន​កើតឡើង​ក្នុង​រយៈពេល ៤ សប្ដាហ៍ និង​ថយចុះ​ទាប​ខ្លាំង​ក្នុង ២ សប្ដាហ៍​បន្ទាប់។ រលក​នៃ អូ​មី​ក្រុង បានបញ្ចប់​នៅក្នុង​ទីក្រុង Tshwane»។

អាហ្វ្រិក​ខាងត្បូង បានសម្រេច​ដក​បម្រាម​គោចរ​ដែល​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់​កណ្ដាលយប់ ដល់​ម៉ោង ៤ ទៀបភ្លឺ​នៃ​ថ្ងៃ​បន្ទាប់។ ទន្ទឹមនឹង​ការដក​បម្រាម​គោចរ​នេះ អាហ្វ្រិក​ខាងត្បូង ក៏បាន​កំណត់​មិនឱ្យ​មានការ​ជួបជុំ​មនុស្ស​លើសពី ១,០០០ នាក់ នៅក្នុង​ផ្ទះ និង​មិន​លើសពី ២,០០០ នាក់ នៅ​ខាងក្រៅ​ផ្ទះ។

គិត​មកដល់​បច្ចុប្បន្ន អូ​មី​ក្រុង បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជាង ១០០ ក្នុង​ពិភពលោក ក្នុងនោះ វា​បាន​ឆ្លងទៅ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ និង​អ្នក​ដែល​ធ្លាប់បាន​ឆ្លង កូ​វីដ-១៩ ផងដែរ ដែល​នេះ​ធ្វើឱ្យ​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​ប្រទេស​ជាច្រើន​ត្រូវ​ជួប​ការលំបាក ជាក់ស្ដែង​មាន សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស ជាដើម៕

Advertisement