WHO និយាយថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាច​នាំឱ្យ​ជំងឺ​រាតត្បាត​សកល អូសបន្លាយ​ពេល​កាន់តែ​យូរ

បុរសម្នាក់កំពុងទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឯទីក្រុង តែលអាវីវ ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៣០ សីហា ២០២១

ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ថា និន្នាការ​រក្សាទុក​វ៉ាក់សាំង​សម្រាប់​ចាក់​ដូ​ស​ជំរុញ​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​បណ្ដា​ប្រទេស​អ្នកមាន នឹង​បណ្ដាលឱ្យ​ជំងឺ​រាតត្បាត​សកល អាច​អូស​បន្លាយពេល​យូរ ជាជាង​ការបញ្ចប់។

«យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ឬ​ដូ​ស​ជំរុញ​ក្នុង​ទ្រង់ទ្រាយ​ធំ​នានា អាចធ្វើឱ្យ​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង ត្រូវ​បង្វែរ​ទិស​ទៅរក​បណ្ដា​ប្រទេស​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ ដែល​នេះ​នឹង​ផ្ដល់​ឱកាសល្អ​ដល់​ការឆ្លង​រាលដាល និង​បំប្លែង​ខ្លួន​របស់​វីរុស (នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ទិញ​វ៉ាក់សាំង)» ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus (WHO) ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២២ ធ្នូ។

ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ តាំងពី​យូរ​មកហើយ បាន​ព្រមាន​ថា បញ្ហា​វិសមភាព​នៅក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង នឹង​ធ្វើឱ្យ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ជាច្រើន​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ មិន​ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច ១ ដូ​ស ស្រប​ពេលដែល​បណ្ដា​ប្រទេស​អ្នកមាន បង្កើន​យុទ្ធនា​ការចាក់​វ៉ា់ក់សាំង​ដូ​ស​ជំរុញ​ទ្រង់ទ្រាយ​ធំ។

«ពុំមាន​ប្រទេស​ណាមួយ​អាច​បន្ថែម​កម្លាំង​តែឯង​ដើម្បី​ចាក​ផុតពី​ជំងឺ​រាតត្បាត​សកល​ឡើយ» លោក Tedros បញ្ជាក់​ដូច្នេះ។

ប្រសាសន៍​របស់​មេដឹកនាំ WHO នេះ ត្រូវបាន​លើកឡើង​នៅពេល កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង កំពុង​ក្លាយជា​ឧបសគ្គ​ចំពោះ​ក្ដីសង្ឃឹម​ដែលថា «ប្រការ​អាក្រក់​បំផុតរ​បស់​ជំងឺ​រាតត្បាត​សកល បាន​កន្លងផុតទៅ»។ WHO បានឱ្យដឹងថា អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ រួចហើយ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នូវ​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅឡើយ៕

Advertisement