WHO អនុម័ត​ឱ្យ​ប្រើ​​ប្រាស់​វ៉ាក់សាំង​បង្ការ ​ជំងឺ​កូវីដ-១៩ របស់​ក្រុម​ហ៊ុន​ Novavax

អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​សម្រេច​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​ ជំងឺ​កូវីដ-១៩ របស់​ក្រុម​ហ៊ុន​ Novavax ដែល​នេះ​ក៏​ជា​វ៉ាក់សាំង​ទី​ ១០ ដែល​ត្រូវ​បាន​ស្ថាប័ន​អន្តរ​ជាតិ​មួយ​នេះ​អនុម័ត​។

ការ​សម្រេច​របស់​ WHO ត្រូវ​បាន​ធ្វើ​ឡើង​​កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​ ២០២១ ១ ​ថ្ងៃ​ បន្ទាប់​ពី​អាជ្ញាធរ​គ្រប់​គ្រង​ឱសថ​អឺរ៉ុប (EMA) បាន​អនុញ្ញាត​ឱ្យ​ចរាចរ​ដោយ​មាន​លក្ខខណ្ឌ​ចំពោះ​វ៉ាក់សាំង​បង្ការ​ ជំងឺកូវីដ-១៩ របស់​ក្រុម​ហ៊ុន​ផលិតឱសថ​អាម៉េរិក​ Novavax ដែល​មាន​ឈ្មោះ​ថា Nuvaxovid ជា​ប្រភេទ​វ៉ាក់សាំង​ចាក់​ ២ ដូស​។

យោង​តាម​លទ្ធផល​​ដែល​បាន​មក​ពី​ការ​ពិសោធ​លើ​មនុស្ស​ចំនួន​ ២ លើក​ នៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ជាង​ ៤៥,០០០​ នាក់ វ៉ាក់សាំង​ Nuvaxovid មាន​ប្រសិទ្ធភាព​​ជាង​ ៩០% នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង ​វីរុស​កូវីដ-១៩ សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ​។ ផល​វិបាក​ដែល​កើត​ឡើង​ដោយ​សារ​វ៉ាក់សាំង​នេះ​ មាន​កម្រិត​ស្រាល​ ឬ​មធ្យម​ ហើយ​នឹង​បាត់​ទៅវិញ​ក្រោយ​ការ​ចាក់​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

ក្រុម​មន្ត្រី​របស់ WHO បាន​ណែនាំ​ឱ្យ​ប្រើប្រាស់វ៉ាក់សាំង​នេះ​ចំពោះ​មនុស្ស​ពេញ​វ័យ​ ដោយ​ត្រូវ​ទុក​គម្លាត​ចន្លោះ​ពី​ការ​ចាក់​ដូស​ទី ១ និង​ដូស​ទី ២ ចាប់​​ពី​ ៣ ទៅ ៤ សប្ដាហ៍​។ វ៉ាក់សាំង​ Nuvaxovid ត្រូវ​បាន​អះអាង​ថា អាច​រក្សា​ទុក​ក្នុង​សីតុណ្ហ​ភាព​ចាប់​ពី​ ២ ដល់ ៨ អង្សាសេ​ គ្រាន់​បើ​ជាង​បណ្ដា​វ៉ាក់សាំង​​ប្រើ​បច្ចេក​វិទ្យា​ mRNA ដែល​ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​។

Nuvaxovid គឺជា​វ៉ាក់សាំង​បង្ការ​ ជំងឺ​កូវី-១៩ ទី ១០ ដែល​ត្រូវ​បាន​ WHO អនុម័ត​ឱ្យ​ប្រើប្រាស់​បន្ទាន់​។ នៅ​ក្នុង​ចំណោម​​វ៉ាក់សាំង​​​បង្ការ​ ជំងឺ​កូវីដ-១៩​ ដែល​ទទួល​បាន​ការ​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ពី​ WHO ក៏​មាន​វ៉ាក់សាំង​ Covovax ​ជា​កំណែ​វ៉ាក់សាំង​របស់ Novavax ដែល​ត្រូវ​បាន​ផលិត​ដោយ​​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា​ ក្រោម​ការ​អនុញ្ញាត​ពី​ក្រុម​ហ៊ុន​​​អាម៉េរិក​៕

Advertisement