មេដឹកនាំ Pfizer ជឿជាក់ថា កូ​វីដ-១៩ នឹង​ក្លាយជា «ជំងឺ​រាតត្បាត​អសកល» នៅ​ឆ្នាំ ២០២៤

អ្នកស្រី Angela Hwang ប្រធានក្រុមហ៊ុន Pfizer Biopharmaceuticals Group

Nanette Cocero ដែលជា​មេដឹកនាំ​មួយរូប​របស់​ក្រុមហ៊ុន​ផលិត​ឱកាស Pfizer យល់ថា «ជំងឺ​រាតត្បាត​សកល» កូ​វីដ-១៩ នឹង​ក្លាយជា «ជំងឺ​រាតត្បាត​អសកល» (ឬ​ហៅថា ជំងឺ​រាតត្បាត​ថ្នាក់​តំបន់» ដូច​ទៅនឹង​ជំងឺ​គ្រុន​ផ្ដាសាយធំ ចាប់ពី​ឆ្នាំ ២០២៤។

ការអះអាង​នេះ​ត្រូវបាន Cocero ប្រធាន​សកល​នៃ​ក្រុមហ៊ុន Pfizer Vaccines ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ឱសថ Pfizer របស់ សហរដ្ឋ​អាម៉េរិក លើកឡើង​កាលពី​ថ្ងៃទី ១៧ ធ្នូ ក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុម​អ្នកវិនិយោគ។ Cocero គឺជា​អ្នកទទួលខុសត្រូវ​លើ​ការអភិវឌ្ឍ ការចែក​ចាយ​វ៉ាក់សាំង​របស់ Pfizer នៅ​ទូទាំង​ពិភពលោក។

យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ កូ​វីដ-១៩ នឹង​ក្លាយជា​ជំងឺ​រាតត្បាត​អសកល នៅពេល​សមត្ថភាព​នៃ​ការការពារ​រាងកាយ​របស់​មនុស្ស ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង ឬ​បន្ទាប់ពី​បានជា​ពី​ជំងឺ​កូ​វីដ-១៩ របស់​ប្រជាជន​ពិភពលោក មាន​ទំហំ​ធំ​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ឆ្លង​រាលដាល ការចូល​ពេទ្យ និង​ការស្លាប់ សូម្បីតែ​នៅក្នុង​គ្រា​ដែល​វីរុស​នេះ​បន្ត​ឆ្លង។

«ប្រការនេះ​កើតឡើង​នៅពេលណា និង​របៀប​ណា​គឺ អាស្រ័យទៅលើ​ស្ថានការណ៍​ប្រែប្រួល​របស់​ជំងឺ​រាតត្បាត និង​កម្រិត​ប្រសិទ្ធភាព​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង រួម​នឹង​ថ្នាំ​ព្យាបាល ក៏ដូចជា​ការបែងចែក​វ៉ាក់សាំង​ដោយ​ស្មើភាព​គ្នា ចំពោះ​តំបន់​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប» Mikael Dolsten ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់ Pfizer ឱ្យដឹង​ដូច្នេះ។

លោក Mikael Dolsten ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់ Pfizer

លោក Mikael Dolsten​ បន្ថែមថា «បណ្ដា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​ទើប​បង្ហាញ​វត្តមាន​ក៏​ជះឥទ្ធិពល​ដល់​វិវត្តន៍​របស់​រោគរាតត្បាត​សកល»។

យោងតាម​លោក Dolsten ពេលវេលា​ដែល កូ​វីដ-១៩ ប្រែក្លាយ​ទៅជា​ជំងឺ​រាតត្បាត​អសកល អាច​ប្រែប្រួល​ទៅតាម​តំបន់។

ការជឿជាក់​របស់​ក្រុម​មេដឹកនាំ​នៃ​ក្រុមហ៊ុន Pfizer ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ជាច្រើន កំពុង​ប្រឈម​នឹង​រលក​នៃ​ការឆ្លង​រាលដាល​ខ្លាំង​របស់​ជំងឺ​កូ​វីដ-១៩ ដោយសារតែ វ៉ា​រ្យ៉​ង់ ដេ​លតា (Delta) និង​ការព្រួយបារម្ភ​អំពី អូ​មី​ក្រុង (Omicron)។

វ៉ាក់សាំង និង​មធ្យោបាយ​ព្យាបាល​នានា ដូចជា​ថ្នាំ​ប្រឆាំង​វីរុស របស់ Pfizer នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើនជាង​បច្ចុប្បន្ន នៅពេល កូ​វីដ-១៩ ក្លាយជា​ជំងឺ​រាតត្បាត​អសកល។ នេះ​បើតាម​ការអះអាង​របស់​អ្នកស្រី Angela Hwang ប្រធាន​ក្រុមហ៊ុន Pfizer Biopharmaceuticals Group៕

Advertisement