WHO ព្រមាន​ថា កូវីដ-១៩ ​ប្រភេទ​ ​​អូ​មី​ក្រុង ​(Omicron)​ ឆ្លង​រាលដាល​លឿន​ជាងគេ និង​ធ្វើឱ្យ​ថយចុះ​នូវ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង

អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ១២ ធ្នូ បានឱ្យដឹងថា ទិន្នន័យ​ផ្លូវការដំបូងៗ បាន​បង្ហាញថា វីរុស​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង ងាយ​ឆ្លង​ជាង ដេ​លតា (Delta) និង​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ប៉ុន្តែ​បែរជា​បង្ក​អាការរោគ​ស្រាល​ជាង​ទៅវិញ។

គិត​ត្រឹម​ថ្ងៃទី ៩ ធ្នូ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន ៦៣ រួចមកហើយ ក្នុងនោះ ល្បឿន​នៃ​ការឆ្លង​រាលដាល​លឿន​ត្រូវបាន​រកឃើញ​នៅ អាហ្វ្រិក​ខាងត្បូង ជាទី​ដែល​មិនសូវមាន វ៉ា​រ្យ៉​ង់​ដេ​លតា និង​នៅ ប្រទេស​អង់គ្លេស ជាទី​ដែល ដេ​លតា រាតត្បាត​ខ្លាំងជាងគេ។

យោងតាម​របាយការណ៍​បច្ចេកទេស​របស់ WHO អូ​មី​ក្រុង បង្កឱ្យមាន «ការថយចុះ​នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង នៅក្នុង​ការបង្ការ​ការ​ឆ្លង​រាលដាល» ហើយ​បើ​យោងទៅតាម​ទិន្នន័យ​ដែលមាន​ស្រាប់ «អូ​មី​ក្រុង អាចមាន​លទ្ធភាព​យក​ឈ្នះ​លើ ដេ​លតា» ស្ដីពី​ទំហំ​នៃ​ការឆ្លង​ក្នុង​សហគមន៍។

របាយការណ៍​ក៏បាន​ឱ្យដឹងថា គិត​មកដល់​បច្ចុប្បន្ន ករណី​ឆ្លង អូ​មី​ក្រុង នានា គ្រាន់តែ​បង្ក​អាការរោគ «ស្រាល» ឬ​ស្ទើរតែ​ពុំមាន​រោគសញ្ញា។ ប៉ុន្តែ WHO ក៏បាន​បញ្ជាក់ថា មិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់​នៅឡើយ ដើម្បី​អាច​វាយតម្លៃ​សរុប​អំពី​ភាព​សាហាវ​របស់ វ៉ា​រ្យ៉​ង់ នេះ៕

Advertisement