អ្នកដែលមានឈាម Group A អាចមានភាពងាយឆ្លងមេរោគ COVID-19 ជាងអ្នកមានឈាម Group ផ្សេង

លទ្ធផលស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញថា អ្នកដែលមានឈាមក្នុង Group A អាចនឹងងាយឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19ខ្លាំងជាង ខណៈដែលអ្នកមានឈាម Group O មានភាពប្រឆាំងនឹងមេរោគបានខ្លាំងជាង។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានធ្វើការសិក្សាស្រាវជ្រាវក្រុមឈាមអ្នកជំងឺដែលឆ្លងមេរោគកូវីដ-19 ចំនួនជាង 2,000នាក់នៅក្នុងទីក្រុងវូហាន និងហ្សឹនជឹន និងប្រៀបធៀបជាមួយប្រជាជនដែលមានសុខភាពល្អក្នុងតំបន់ បានរកឃើញថា អ្នកជំងឺរលាកសួតធ្ងន់ធ្ងរដែលមានឈាមក្នុងក្រុម A មានអត្រាឆ្លងមេរោគខ្ពស់ជាង និងមានសញ្ញាថា មានអាការធ្ងន់ធ្ងរខ្លាំងជាងទៀតផង។

អ្នកជំងឺ 209នាក់ដែលបានស្លាប់ដោយសារវីរុសកូវីដ-19 ក្នុងទីក្រុងវូហាន មានឈាម Group A 85នាក់ ច្រើនជាង 63% ពេលធៀបនឹង Group O ដែលមានចំនួន 52នាក់ ដោយបានរកឃើញក្នុងលក្ខណៈដូចគ្នានេះនៅគ្រប់ក្រុមអាយុ និងភេទ។

ប៉ុន្តែ លោក Gao Yingdai អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ Experimental Haematology ក្នុងទីក្រុង ធៀនជីន ដែលមិនមែនជាសមាជិកក្នុងក្រុមអ្នកស្រាវជ្រាវខាងលើ បាននិយាយថា ទោះជាក្រុមគំរូ 2,000​នាក់ មិនដល់ថ្នាក់តិចជ្រុលពេក តែក៏ជាចំនួនមួយ តិចខ្លាំងណាស់ ពេលប្រៀបធៀបនឹងចំនួនអ្នកឆ្លងទូទាំងពិភពលោកដែលបច្ចុប្បន្នលើសពី 180,000នាក់ទៅហើយ ថែមទាំងចំណុចកម្រិតក្នុងការស្រាវជ្រាវ គឺនៅមិនទាន់ផ្ដល់ការអធិប្បាយច្បាស់លាស់ ដូចជា បដិសម្ព័ន្ធម៉ូលេគុល រវាងកោសិកាគ្រាប់ឈាមក្រហមប្រភេទនីមួយៗ ។ល។ លទ្ធផលសិក្សាថ្មីនេះ អាចមានប្រយោជន៍ជាមួយធនធានមនុស្សខាងវេជ្ជសាស្ត្រ តែប្រជាជនទូទៅ មិនគួរប្រកាន់យកស្ថិតិនេះពិតប្រាកដពេកនោះទេ។ លោកនិយាយថា “បើសិនមានឈាម Group A ក៏មិនមែនមានន័យថា នឹងឆ្លងមេរោគយ៉ាងពិតប្រាកដនោះទេ ផ្ទុយទៅវិញ អ្នកដែលមានឈាម Group O ក៏មិនបានមានន័យថា នឹងមានសុវត្ថិភាព 100%ដែរ គ្រប់គ្នាត្រូវលាងសម្អាតដៃ និងប្រតិបត្តិតាមការណែនាំ”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement