សិង្ហ​បុរី រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង (Omicron) ដំបូង ក្នុង​សហគមន៍

អាកាសយានដ្ឋាន​អន្តរជាតិ Changi របស់​ សិង្ហបុរី

ករណី​ឆ្លង​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ក្នុង​សហគមន៍​ជា​លើកដំបូង នៅ ប្រទេស​សិង្ហ​បុរី គឺជា​ការព្រមាន​អំពី​រលក​នៃ​ការឆ្លង​រាលដាល​បន្តទៀត។

ក្រសួងសុខាភិបាល​សិង្ហ​បុរី ថ្ងៃនេះ បានឱ្យដឹងថា អ្នក​វិជ្ជមាន​នឹង វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ករណី​ដំបូង​ក្នុង​សហគមន៍ នេះ​គឺជា​ស្ត្រី​ដែលមាន​សញ្ជាតិ​សិង្ហ​បុរី អាយុ ២៤ ឆ្នាំ ធ្វើការ​នៅ​អាកាសយានដ្ឋាន។ «អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ម្នាក់នេះ ប្រហែលជា​បាន​ប៉ះពាល់​អ្នកដំណើរ​មកពី​បណ្ដា​ប្រទេស​ដែល​រង​ឥទ្ធិពល​ពី វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង» នេះ​បើតាម​ក្រសួងសុខាភិបាល​សិង្ហ​បុរី។

បុគ្គលិក​អាកាសយានដ្ឋាន​រូបនេះ ត្រូវបាន​រកឃើញថា កំពុង​ផ្ទុក​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅក្នុង​ការពិសោធ​សំណាក​ជា​ទៀងទាត់​ចំពោះ​បុគ្គលិក​ជួរមុខ។ នាង​បានទទួល​ការ​វាក់​វ៉ាក់សាំង​ពេញលេញ និង​ពុំមាន​អាការរោគ​អ្វី​ឡើយ។

កន្លងមក ប្រទេស​សិង្ហ​បុរី បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង កូវីដ-១៩ ប្រភេទ​ ​អូ​មី​ក្រុង ជាច្រើន​នាក់ ក៏​ប៉ុន្តែ ​ទាំង​នោះ​​​សុទ្ធតែជា​ករណី​នាំចូល។

វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ត្រូវបាន​រកឃើញ​ដំបូង​នៅ ប្រទេស​បុ​ត​ស្វា​ណា (Botswana) កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ជូន​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី ២៤ វិច្ឆិកា ហើយ​គិត​មកដល់​បច្ចុប្បន្ន វ៉ា​រ្យ៉​ង់ នេះ បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន ៥៧ រួចហើយ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ពិភពលោក កំពុង​ប្រឹងប្រែង «រត់ប្រណាំង​នឹង​ពេលវេលា» ដើម្បី​វិភាគ​អំពី​កម្រិត​នៃ​គ្រោះថ្នាក់​របស់ អូ​មី​ក្រុង៕

Advertisement