WHO និយាយថា អូ​មី​ក្រុង មានការ​ពិបាក​ខ្លាំង​ក្នុងការ​គេចផុត​ទាំងស្រុង​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង

លោក​ Michael Ryan ប្រធានផ្នែកប្រតិកម្មបន្ទាន់របស់ WHO

អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ទំនងជា​មិន​បង្កឱ្យមាន​សភាព​ធ្ងន់ធ្ងរ​ជាង ធៀប​នឹង​បណ្ដា វ៉ា​រ្យ៉​ង់ មុនៗ ហើយ «ពិបាក​នឹងមាន​លទ្ធភាព» គេចចេញ​បាន​ទាំងស្រុង​ពី​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង។

«ទិន្នន័យបឋម​មិនបាន​បង្ហាញថា វ៉ា​រ្យ៉​ង់ នេះ នឹង​បង្ក​សភាព​ធ្ងន់ធ្ងរ​ជាង។ ជាក់ស្ដែង ទិន្នន័យ​ក៏បាន​បង្ហាញថា វា​បង្ក​សភាព​ធ្ងន់ធ្ងរ​តិចជាង» Michael Ryan ប្រធាន​ផ្នែក​ប្រតិកម្ម​បន្ទាន់​របស់ WHO ឱ្យដឹង​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី ៧ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស។

ក៏ប៉ុន្តែ លោក​បញ្ជាក់ថា នេះ​ទើបតែ​ជា​ទិន្នន័យ​ដំបូង ហើយ «យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​នៅ​បកស្រាយ​អំពី​សញ្ញា​នោះ» និង​ត្រូវការ​ស្រាវជ្រាវ​បន្ថែមទៀត​អំពី អូ​មី​ក្រុង។

លោក Ryan ទទួលស្គាល់ថា វ៉ាក់សាំង​មួយចំនួន អាចមាន​ប្រសិទ្ធភាព​ទាប​ចំពោះ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ដែលមាន​បំរែបំរួល​ជាង ៣០ ចំណុច នៅលើ​ប្រូតេអ៊ីន​បន្លា​របស់​វា ប៉ុន្តែ ពុំមាន​សញ្ញា​ណាមួយ​បង្ហាញថា អូ​មី​ក្រុង អាច​គេច​បាន​ទាំងស្រុង​ពី​សមត្ថភាព​ការពារ​រាងកាយ​មនុស្ស​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង។

មន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា ក្នុង​សង្គ្រាម​ប្រឆាំង​រាល់​វីរុស​បំប្លែង​ខ្លួន​របស់​កូ​វីដ-១៩ «អាវុធ​ដែល​ល្អ​បំផុត​របស់​យើង នោះ​គឺ​យុទ្ធនា​ការចាក់​វ៉ាក់សាំង»។

វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង ប្រទេស​បុ​ត​ស្វា​ណា កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ជូន​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ២០។ ថ្វីបើ WHO បានដាក់​បញ្ចូល វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ទៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ ក៏ដោយ មកដល់​បច្ចុប្បន្ន ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ណាមួយ​និយាយ​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល ឬ​សភាព​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ វ៉ា​រ្យ៉​ង នេះ​នៅឡើយ៕

 

Advertisement