ទីប្រឹក្សា​របស់ ​សេត​វិមាន ថ្លែង​ថា អូ​មី​ក្រុង (Omicron) «ទំនងជា​​មិន​​ធ្ងន់​ធ្ងរ​​ជាង​ ដេ​លតា (Delta)»

លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិគ្រប់គ្រងជំងឺឆ្លង (NIAID) របស់ សហរដ្ឋអាម៉េរិក និងជាទីប្រឹក្សាផ្នែកសុខាភិបាលរបស់ សេតវិមាន នៃ សហរដ្ឋអាម៉េរិក

ទីប្រឹក្សា​របស់ សេត​វិមាន លោក Anthony Fauci បាន​ថ្លែងថា សញ្ញា​បឋម​បាន​បង្ហាញថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង អាច​ឆ្លង​រាលដាល​ខ្ពស់ជាង ធៀប​នឹង វ៉ា​រ្យ៉​ង់​ដេ​លតា ប៉ុន្តែ «ស្ទើរតែ​ប្រាកដថា» វា​មិន​បង្ក​ភាព​ធ្ងន់ធ្ងរ​ជាង ដេ​លតា។

«មាន​សញ្ញា​មួយចំនួន​បង្ហាញថា វីរុស​បំ​ប្លែក​ខ្លួន អូ​មី​ក្រុង អាច​មិន​បង្ក​សភាព​ធ្ងន់ធ្ងរ​ជាង ដេ​លតា។ នៅពេល​មើល​ទៅលើ​ក្រុម​មួយចំនួន​ដែល​កំពុង​ត្រូវបាន​តាមដាន​នៅ អាហ្វ្រិក​ខាងត្បូង អត្រា​រវាង​ករណី​ចូល​ពេទ្យ​លើ​ករណី​ឆ្លង ហាក់​ទាប​ជាង បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់​ដេ​លតា» លោក Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង (NIAID) របស់ សហរដ្ឋ​អាម៉េរិក និង​ជាទី​ប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ សេត​វិមាន នៃ សហរដ្ឋ​អាម៉េរិក បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ៧ ធ្នូ។

មុន​នោះ ខេត្ត Gauteng ដែលជា​ចំណុចក្ដៅ​នៃ​បញ្ហា កូ​វីដ-១៩ នៅ អាហ្វ្រិក​ខាងត្បូង បាន​បញ្ចេញ​ទិន្នន័យ​ដែល​បង្ហាញថា មានតែ ៨% ប៉ុណ្ណោះ​ដែល​ត្រូវ​ចូល​ពេទ្យ​ដោយសារ កូ​វីដ-១៩ ហើយ​បច្ចុប្បន្ន​ត្រូវ​ព្យាបាល​ជាពិសេស តួលេខ​នេះ​ទាប​ជាង​ច្រើន ធៀប​នឹង ២៣% នៅក្នុង​រលក​នៃ​ការឆ្លង​រាលដាល​របស់ វ៉ា​រ្យ៉​ង់​ដេ​លតា។ អត្រា​នៃ​អ្នកជំងឺ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ក៏​ទាប​ជាង ពោលគឺ អូ​មី​ក្រុង ២% ទល់នឹង ដេ​លតា ១១%។

លោក Fauci សង្កត់ធ្ងន់ថា មិនគួរ​បំប៉ោង​ទិន្នន័យ​នេះឡើយ ព្រោះថា ក្រុម​អ្នកជំងឺ​ដែល​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង តាមដាន ភាគច្រើន​គឺជា​ពលរដ្ឋ​វ័យ​នៅ​ក្មេង ដែល​តែងតែ​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ក្នុង​កម្រិត​ទាប។ ក្រៅពីនេះ អ្នកជំងឺ​ដែល​ឆ្លង វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ក៏​អាច​ត្រូវ​ចំណាយពេល​ច្រើន​សប្ដាហ៍ ទើប​មាន​អាការ​ធ្ងន់ធ្ងរ។

ទីប្រឹក្សា​សេត​វិមាន វាយតម្លៃថា អូ​មី​ក្រុង «ច្បាស់​ណាស់ មាន​សមត្ថភាព​បង្ក​ការឆ្លង​រាលដាល​ខ្ពស់» និង​អាច​ខ្ពស់ជាង ដេ​លតា។ ប៉ុន្តែ លោក​ឱ្យដឹងថា វ៉ា​រ្យ៉​ង់ ដែល​ងាយ​ឆ្លង​រាលដាល​ជាង និង​បង្ក​ភាព​ធ្ងន់ធ្ងរ​ទាប​ជាង នឹង​មិនអាច​បង្កើន​តួលេខ​នៃ​ករណី​ចូល​ពេទ្យ និង​ស្លាប់» ដែល​នេះ​គឺជា «ស្ថាន​ភាពល្អ​បំផុត»។

វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង ប្រទេស​បុ​ត​ស្វា​ណា កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ជូន​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ២០២។ ថ្វីបើ WHO បានដាក់​បញ្ចូល វ៉ារ្យ៉ង់​អូ​មី​ក្រុង ទៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ ក៏​​ដោយ​ មកដល់​បច្ចុប្បន្ន ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ណាមួយ​និយាយ​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល ឬ​សភាព​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ វ៉ា​រ្យ៉​ង នេះ​នៅឡើយ៕

Advertisement