ទីក្រុង​របស់ ចិន ផ្ដល់ប្រាក់​លើកទឹកចិត្ត ១,៥០០ ដុល្លារ ដល់​អ្នក​ឆ្លង​កូ​វីដ-១៩ ដែល​បាន​រាយការណ៍​ដោយ​ខ្លួនឯង

បុគ្គលិកសុខាភិបាលពិនិត្យលិខិតបញ្ជាក់ការធ្វើតេស្តកូវីដ-១៩ របស់អ្នកដំណើរនៅឯស្ថានីយរថភ្លើង ហារប៊ីនខាងលិច ក្នុងទីក្រុង ហារប៊ីន ខេត្ត Heilongjiang កាលពីថ្ងៃទី ២២ កញ្ញា

ទីក្រុង ហារ​ប៊ី​ន (Harbin) នៃ ប្រទេស​ចិន ផ្ដល់ប្រាក់​រង្វាន់​ចំនួន ១,៥០០ ដុល្លារ​អាម៉េរិក ដល់​ពលរដ្ឋ​ទាំង​ឡាយ​ណា​​ដែល​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩ ឱ្យតែ​ពួកគេ​ពួកគេ​ទៅធ្វើ​តេស្តរ​កវី​រុស នៅពេល​មាន​រោគសញ្ញា​គួរឱ្យ​សង្ស័យ ដោយ​មិនចាំបាច់​រង់ចាំ​សមត្ថកិច្ច​តាម​ស្វែងរក។

«យើង​ស្នើឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ទៅលើ​ព័ត៌មាន​ស្ដីពី​ករណី​ឆ្លង​ថ្មី​នានា​ដែល​បាន​កើតឡើង។ បើសិនជា​អ្នកមាន​ភាពម្ចាស់ការ​ក្នុងការ​ទៅកាន់​មន្ទីរ​សុខាភិបាល​នៅពេល​មាន​រោគសញ្ញា​សង្ស័យថា​ឆ្លង​កូ​វីដ-១៩ អ្នកនឹង​ទទួលបាន​ប្រាក់​រង្វាន់​ ១០,០០០ យុន (ជាង ១,៥០០ ដុល្លារ​អាម៉េរិក) ក្នុងករណី​វិជ្ជមាន» សេចក្ដីប្រកាស​របស់​អា​ជ្ញា​ធរ​ក្រុង ហារ​ប៊ី​ន បានបញ្ជាក់​ដូច្នេះ​កាលពី​ចុង​សប្ដាហ៍​មុន។

ប្រកាស​ខាងលើ​បាន​បន្ថែមថា នៅពេល​ពលរដ្ឋ​មាន​រោគសញ្ញា ដូចជា ក្អក ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង ឬ​បាត់បង់​រសជាតិ និង​ក្លិន​ជាដើម គួរតែ​ទាក់ទង​មជ្ឈមណ្ឌល​សុខាភិបាល ជំនួស​ឱ្យ​ការទិញ​ថ្នាំ​មក​លេប​ដោយ​ចិត្ត​ឯង។ ពលរដ្ឋ​ក៏ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​រាយការណ៍​អំពី​ពេលវេលា និង​ទីតាំង​ដែល​ពួកគេ​បាន​ទៅដល់ និង​បុគ្គល​ទាំងឡាយ​ដែល​ពួកគេ​បាន​ជួប​ផងដែរ។

ការប្រកាស​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង ហារ​ប៊ី​ន រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ក្រោម ១០ ករណី​ជា​រៀងរាល់ថ្ងៃ​កាលពី​សប្ដាហ៍​មុន។ កាលពី​ចុង​សប្ដាហ៍​មុន ហារ​ប៊ី​ន ក៏បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៧ នាក់ ប៉ុន្តែ​ពុំមាន​អ្នក​ណាមួយ​ទទួលបាន​ប្រាក់រង្វាន់ ១០,០០០ យុន​នោះទេ ព្រោះតែ​ករណី​ទាំងនោះ​សុទ្ធតែ​ត្រូវបាន​រកឃើញ​តាមរយៈ​ការធ្វើ​តេស្ត​តាម​កាលកំណត់ និង​ការស្រាវជ្រាវ។

គណៈកម្មការ​ជាតិ​សុខាភិបាល​របស់ ចិន កាលពី​ថ្ងៃទី ៥ ធ្នូ បានប្រកាសថា បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៦១ នាក់ នៅ​ទូទាំងប្រទេស នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ របស់​ប្រទេស​នេះ កើន​ដល់​ជាង ៩៩,២០០ នាក់ ខណៈ​តួលេខ​អ្នកស្លាប់​កើន​ដល់​ជាង ៤,៦០០ នាក់ រាប់​ពី​ពេល​កូ​វីដ-១៩ បង្ហាញខ្លួន រហូតដល់​បច្ចុប្បន្ន៕

Advertisement