អាម៉េរិក រកឃើញ​​ករណី​​ឆ្លង​វីរុស​​កូវីដ-១៩​ ប្រភេទ អូ​មី​ក្រុង នៅក្នុង​រដ្ឋ​យ៉ាងតិច​ចំនួន ១៥

ប្រធាន CDC របស់ សហរដ្ឋ​អាម៉េរិក លោកស្រី Walensky បានឱ្យដឹងថា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ត្រូវបាន​រកឃើញ​នៅក្នុង​រដ្ឋ​ប្រហែល ១៥ របស់​ប្រទេស​នេះ ប៉ុន្តែ ដេ​លតា នៅតែ​ជា វ៉ា​រ្យ៉​ង់ លេចធ្លោ​ជាងគេ។

«យើង​ដឹងថា យើង​កំពុង​តែមាន​ករណី​ឆ្លង វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ចំនួន​រាប់សិប​ករណី ហើយ​យើង​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ យើង​ក៏​ទទួលបាន​ព័ត៌មាន​កាន់តែច្រើន​អំពី​ករណី​អាថ៌កំបាំង ដូច្នេះ​តួលេខ​នេះ​អាច​នៅមាន​ច្រើនជាង​នេះ» ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង​របស់ អាម៉េរិក (CDC) វេជ្ជបណ្ឌិត Rochelle Walensky បាន​ប្រាប់​សារព័ត៌មាន ABC News ដូច្នេះ កាលពី​ថ្ងៃទី 5 ធ្នូ ២០២។

រដ្ឋ​ចំនួន ១៥ របស់ សហរដ្ឋ​អាម៉េរិក ដែល​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង រួមមាន រដ្ឋ California, Colorado, Connecticut, Hawaii, Maryland, Massachusetts, Minnesota, Missouri, Nebraska, New Jersey, New York, Pennsylvania, Utah, Washington និង Wisconsin។ នេះ​បើតាម​ស្ថិតិ​របស់​សារព័ត៌មាន Reuters។

ទោះជា​យ៉ាងនេះ​ក្ដី CDC របស់ អាម៉េរិក បញ្ជាក់ថា វីរុស​បំប្លែង​ខ្លួន ដេ​លតា នៅតែ​ជា វ៉ា​រ្យ៉​ង់ លេចធ្លោ​ជាងគេ។ លោកស្រី Walensky ថ្លែងថា ក្នុងចំណោម​ករណី​ឆ្លង​កូ​វីដ-១៩ ពី ៩០,០០០ ទៅ ១០០,០០០ នាក់/ថ្ងៃ មាន​រហូតដល់ ៩៩.៩% គឺជា​ករណី​ឆ្លង ដេ​លតា៕

Advertisement