កូ​វីដ-១៩! អាស៊ីអាគ្នេយ៍ ចាប់ផ្ដើម​រកឃើញ​ករ​ណី​ឆ្លង វីរុស​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង (Omicron)

ប្រទេស​សិង្ហ​បុរី និង ម៉ាឡេស៊ី បាន​រកឃើញ​ករណី​ឆ្លង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron) ដំបូង​គេ​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ដែល​អ្នកជំងឺ​សុទ្ធតែជា​អ្នកដំណើរ​មកពី អាហ្វ្រិក​ខាងត្បូង។

ក្រសួងសុខាភិបាល​នៃ ប្រទេស​សិង្ហ​បុរី កាលពី​ម្សិលមិញ បានប្រកាសថា អ្នកដំណើរ​ពីរ​នាក់​មកពី ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​ចូលមក​ប្រទេស​នេះ មាន​ផ្ទុក វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

អ្នកជំងឺ​ខាងលើ បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ និង​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាតិ​សិង្ហ​បុរី។ ពួកគេ​មាន​អាការ​ស្រាល រួមមាន ក្អក និង​រមាស់​បំពង់ក។ នេះ​គឺជា​ករណី​ឆ្លង អូ​មី​ក្រុង ដំបូង និង​ជា​ករណី​នាំចូល នៅ សិង្ហ​បុរី។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ថ្ងៃនេះ (៣ ធ្នូ) បានប្រកាសថា ប្រទេស​នេះ​ក៏បាន​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង ដំបូង នៅលើ​អ្នកដំណើរ​បរទេស មកពី អាហ្វ្រិក​ខាងត្បូង ឆ្លងកាត់ សិង្ហ​បុរី មុនពេល​មកដល់ ម៉ាឡេស៊ី ក្នុង​ថ្ងៃទី ១៩ វិច្ឆិកា។

តំបន់​អាស៊ីអាគ្នេយ៍

ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​នៅ តំបន់​អាស៊ីអាគ្នេយ៍ និង​ពិភពលោក កំពុង​រឹតត្បិត​ការធ្វើដំណើរ​ពី​តំបន់ អាហ្វ្រិក​ខាងត្បូង ព្រោះតែ​មានការ​ព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

អូ​មី​ក្រុង ត្រូវបាន​រកឃើញ​ដំបូង​នៅ ប្រទេស​បុ​ត​ស្វា​ណា (Botswana) កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា។ នេះ​គឺជា វ៉ា​រ្យ៉​ង់ ដែលមាន​ការប្រែប្រួល​ច្រើន​បំផុត ធៀប​នឹង​វ៉ា​រ្យ៉​ង់​នានា​របស់ កូ​វីដ-១។ អង្គការ​សុខភាព​ពិភពលោក បានចាត់ទុក អូ​មី​ក្រុង ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​គួរឱ្យ​ព្រួយបារម្ភ៕

Advertisement