អ្នកដំណើរ​មកពី​ប្រទេស​មួយចំនួនទៀត ត្រូវបាន​ហាមឃាត់ ចូលមក កាណាដា ដោយសារ អូ​មី​ក្រុង

យោងតាម​ព័ត៌មាន​ពី Ottawa រដ្ឋាភិបាល​កាណាដា កាលពី​ថ្ងៃទី ៣០ វិច្ឆិកា បានសម្រេច​បន្ថែមចំនួន​ប្រទេស​ទៅក្នុង​បញ្ជី​ហាមឃាត់​អ្នកដំណើរ​ចូលមក​កាន់ កាណាដា មានដូចជា នី​ហ្សេ​រី​យ៉ា, ម៉ាឡាវី និង អេ​ហ្ស៊ី​ប។

ប្រទេស​កាណាដា ចាប់ពី​ថ្ងៃទី ២៦ វិច្ឆិកា បាន​អនុវត្ត​បទបញ្ជា​ហាមឃាត់​ពលរដ្ឋ​បរទេស​ចូលមក​ទឹកដី​របស់ កាណាដា បើសិនជា​ពួកគេ​បាន​ទៅកាន់​ប្រទេសមួយ​ចំនួន​នៅ​តំបន់​ភាគខាងត្បូង​នៃ ទ្វីបអាហ្វ្រិក (បុ​ត​ស្វា​ណា (Botswana), អេ​ស្វា​ទី​នី (Eswatini), ឡេ​សូ​តូ  (Lesotho), ម៉ូ​សំ​ប៊ិក (Mozambiqu), ណា​មី​ប៊ី (Namibia), អាហ្វ្រិក​ខាងត្បូង (South Africa), ស៊ីម​បា​វ៉េ (Zimbabwe) ក្នុង​រង្វង់ ២ សប្ដាហ៍​មុន​នោះ។

ក្រៅពីនេះ យោងតាម​បទបញ្ជា​ថ្មី អ្នកដំណើរ​ពី​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក (លើកលែងតែ អាម៉េរិក) ដែល​មកកាន់ កាណាដា នឹងត្រូវ​ធ្វើតេស្ត​រក កូ​វីដ-១៩ នៅពេល​មកដល់។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Jean-Yves Duclos។

គិត​មកដល់​បច្ចុប្បន្ន នៅ កាណាដា មាន​ខេត្ត​មួយចំនួន​ដូចជា Quebec, Ontario, Alberta និង British Columbia ជាដើម បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ក្នុង​សហគមន៍។

Advertisement