សម្តេច ហ៊ុន សែន ស្នើឱ្យ​ពិនិត្យ​លទ្ធភាព​ចាក់​វ៉ាក់សាំង COVID-19 ជូន​កុមារ​អាយុ​ចាប់ពី 3 ទៅ 6 ឆ្នាំ

នៅ​ព្រឹក​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ដល់​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ការចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ​ដែលមាន​វ័យ​ដូចខាងលើ គឺ​ដើម្បីឱ្យ​ពួកគេ​អាច​ចូលរៀន​នៅ​សាលាបឋមសិក្សា​ឡើងវិញ ទន្ទឹមនឹង​ការដែល​អាចឈាន​ទៅ​បើក​លំហ​សកម្មភាព​ក្នុងសង្គម ឱ្យ​កាន់តែ​ទូលាយ​ជាង​បច្ចុប្បន្ន។

នៅក្នុង​ព្រឹត្តិការណ៍​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ ចៅៗរបស់​ប្រមុខ​រដ្ឋាភិបាល និងចៅៗរបស់​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មួយចំនួនទៀត ក៏​បានមក​ទទួល​ការចាក់​វ៉ា​ក់​នេះដែរ។

នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់កុមារអាយុចាប់ពី 6 ឆ្នាំ ដល់ក្រោម 12 ឆ្នាំ

សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍ថា ខណៈដែល​ស្ថានភាព COVID-19 របស់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក មិនទាន់​មានការ​ថម​ថយ​នៅឡើយ កម្ពុជា ពេលនេះ បាន​ស្ថិតនៅ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ច្រើនជាងគេ។

ប្រមុខ​រដ្ឋាភិបាល ឱ្យដឹងថា កម្ពុជា មាន​វិធានការ 3 សំខាន់ៗ ដែល​បាន​ដាក់ចេញ​ជាប្រចាំ​ថ្ងៃ នោះ​គឺ «ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការធ្វើ​តេស្ត​រហ័ស», «ការចាក់​វ៉ាក់សាំង» និង «ការព្យាបាល​ដោយ​ថ្នាំ និង​វិធីថ្មី»។

ទន្ទឹមនឹង​ការប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​ចាប់ពី​អាយុ 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​គណៈកម្មការ​ចាក់​វ៉ាក់សាំង សិក្សា​អំពី​លទ្ធភាព​នៃ​ការ​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី 3 ទៅ 6 ឆ្នាំ​ផងដែរ។ កុមារ​អាយុ​ចាប់ពី 3 ទៅ 6 ឆ្នាំ នៅ កម្ពុជា បច្ចុប្បន្ន​មាន​ប្រមាណ​ជាង 910,000 នាក់៕

Advertisement